ព័ត៌មានជាតិ

ជប៉ុន បន្តគាំទ្រលើការអនុវត្តបទឈប់បាញ់ ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរវាង កម្ពុជា-ថៃ

ភ្នំពេញ ៖ លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសជប៉ុន បន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ។

ការលើកឡើងរបស់ លោក UENO Atsushi ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី៣ កញ្ញា នេះ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត សម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់ទាហានពលីកម្ពុជា ក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ រាជរដ្ឋាភិបាលជប៉ុនបានចូលរួមរំលែកទុក្ខជាមួយកម្ពុជា ដោយសម្រេចផ្តល់ជំនួយឥតសំណងសង្គ្រោះបន្ទាន់ចំនួន ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ផងដែរ។ ប្រទេសជប៉ុនបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។

ជាកិច្ចបន្តចំពោះកិច្ចការងារវិនិយោគ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រ និងផ្ដល់ការសម្របសម្រួលរាល់សំណូមពរនានារបស់វិនិយោគិនជប៉ុន ពិសេសចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។

ផ្ទាំងពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ លោក ក៏បានវាយតម្លៃខ្ពស់ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានមកបណ្តាក់ទុនវិនិយោគ ពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្តល់នូវសេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បន្តជំរុញ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្ត និងសក្ដានុពលរបស់កម្ពុជាជូនវិនិយោគិនជប៉ុនឱ្យបានកាន់តែទូលំទូលាយមួយកម្រិតទៀត៕

To Top