ប្រធានរដ្ឋចិន អញ្ជើញចូលរួមពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស

ព្រឹកថ្ងៃទី ៣ ខែកញ្ញា ពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសបានប្រារព្ធធ្វើនៅទីលានធានអានមិនក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិនអញ្ជើញចូលរួមពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីសព្រម ទាំងថ្លែងសុន្ទរកថាគន្លឹះ ។
លោក Xi Jinping បានលើកឡើងថា ជនរួមជាតិទូទាំងប្រទេស ប្រមុខរដ្ឋនិងរដ្ឋាភិបាល នៃប្រទេសនានានិងអ្នកតំណាង នៃអង្គការអន្តរជាតិជាទីគោរព ភ្ញៀវកិត្តិយសគ្រប់រូបជាទីគោរព នាយទាហាននិងពលទាហានគ្រប់រូប សមមិត្ត មិត្តភក្តិគ្រប់រូប ។

ថ្ងៃនេះ យើងរៀបចំពិធីរំលឹកខួប ទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសយ៉ាងឱឡារិក ក្នុងន័យរួមគ្នាចងចាំពីប្រវត្តិសាស្រ្ត រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ។
ខ្ញុំសូមតាងនាមគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន សភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិន សូមសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ជូនចំពោះអតីតយុទ្ធជនជើងចាស់ សមមិត្តចាស់ៗ ឥស្សរជនស្នេហាជាតិ និងមេទ័ពទូទាំង ប្រទេសចិន ដែលធ្លាប់ចូលរួមសង្រ្គាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ក៏ដូចជាកុលបុត្រកុលធីតាចិន ទាំងក្នុងនិងក្រៅប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ជ័យជម្នះនៃសង្រ្គាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ! សូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះរដ្ឋាភិបាលបរទេស និងមិត្តភក្តិអន្តរជាតិ ដែលបានផ្តល់ការគាំទ្រ និងជំនួយដល់ប្រជាជនចិន ក្នុងការប្រឆាំងនឹងការឈ្លានពាន ! ព្រមទាំងសូមសម្តែងការស្វាគមន៍ យ៉ាងរាក់ទាក់កក់ក្តៅចំពោះភ្ញៀវកិត្តិយស នៃបណ្តាប្រទេសនានា ដែលអញ្ជើញមកចូលរួមពិធីរំលឹកខួបថ្ងៃ ជ័យជម្នះក្នុងថ្ងៃនេះ ។
សមមិត្តនិងមិត្តភក្តិគ្រប់រូប

សង្រ្គាមប្រជាជនចិនប្រឆាំងនឹង ការឈ្លានពាន របស់ជប៉ុនគឺជាសង្រ្គាមដ៏មហិមា ដែលប្រកបដោយភាពលំបាកលំបិន ។ ក្រោមការដឹកនាំនៃរណសិ្សរួបរួមជាតិ ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនបានធ្វើការតស៊ូប្រយុទ្ធ យ៉ាងអង់អាចក្លាហានជាមួយសត្រូវបរទេស និងបានទទួលជ័យជម្នះទាំងស្រុងជាលើកទីមួយ លើការប្រឆាំងនឹងការឈ្លានពានរបស់បរទេស គិតចាប់ពីចូលសហសម័យមក ។
សង្រ្គាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺជាផ្នែកដ៏សំខាន់នៃសង្រ្គាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ប្រជាជនចិនបានរួម ចំណែកដ៏សំខាន់ដោយមានការពលីយ៉ាងធ្ងន់ធ្ងរ ដើម្បីជួយសង្រ្គោះអរិយធម៌មនុស្សជាតិ និងការពារសន្តិភាពពិភពលោក ។
ប្រវត្តិសាស្រ្តបានក្រើនរំលឹក ដល់អ្នកផងទាំងពួងថា ជោគវាសនា របស់មនុស្សជាតិមានភាពប្រទាក់ក្រឡាគ្នា គ្រប់ប្រទេសនិងគ្រប់ជនជាតិ មានតែរាប់អានគ្នាដោយសមភាព រួមរស់ដោយសុខដុមរមនីយកម្ម និងជួយយកអាសាគ្នាទៅវិញទៅមក ទើបអាចគាំពារសន្តិសុខរួម និងលុបបំបាត់ឬសគល់ នៃសង្រ្គាមដើម្បីកុំឱ្យសោកនាដកម្មក្នុងប្រវត្តិសាស្រ្តកើតឡើងម្តងទៀត ។
សមមិត្តនិងមិត្តភក្តិគ្រប់រូប
ប្រជាជាតិចិនជាជនជាតិដ៏មហិមា ដែលមិនខ្លាចអំណាចអនុត្តរភាព ហើយកសាងប្រទេសខ្លាំងក្លាដោយខ្លួនទីពឹងខ្លួន ។ ពេលប្រឈមមុខនឹងការតស៊ូប្រយុទ្ធស្លាប់រស់រវាងសច្ចយុត្តិធម៌និងទុច្ចរិត ភាពភ្លឺស្វាងនិងភាពខ្មៅងងឹត វឌ្ឍនភាពនិងការដើរបញ្ច្រាសពីប្រវត្តិសាស្ត្រ ប្រជាជនចិនបានក្រោកឈរឡើងរួមសាមគ្គីគ្នាធ្វើការតស៊ូប្រយុទ្ធដើម្បីការរស់រានរបស់ជាតិ ការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ និងសច្ចយុត្តិធម៌របស់មនុស្សជាតិ ។ បច្ចុប្បន្ននេះ មនុស្សជាតិកំពុងប្រឈមមុខនឹងជម្រើសថា តើចង់បានសន្តិភាពឬសង្គ្រាម ការសន្ទនាឬការបដិបក្ខគ្នា ភាពឈ្នះ-ឈ្នះឬផលបូកសូន្យ ។ ប្រជាជនចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ឈរនៅម្ខាងនៃវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ពួតដៃគ្នាជាមួយប្រជាជននៃប្រទេសនានាដើម្បីកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ។
ជានិច្ចកាល កងទ័ពរំដោះប្រជាជនចិនតែងតែជាវីរកងទ័ពរបស់បក្សនិងប្រជាជនដែលអាចជឿទុកចិត្តបានទាំងស្រុង ។ នាយទានហាននិងពលទាហាននៃកងទ័ពទាំងមូលត្រូវបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋដោយស្មោះត្រង់ ពន្លឿនការកសាងកងទ័ពលំដាប់ឈានមុខលើពិភពលោក គាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព ការបង្រួបបង្រួម និងបូរណភាពទឹកដីជាតិ ដើម្បីផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ និងរួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ។
ប្រវត្តិសាស្ត្របានឆ្លុះបញ្ចាំងពីអតីតកាល ហើយក៏បានបំផុសគំនិតពីអនាគតផងដែរ ។ ក្នុងដំណើរថ្មីនិងយុគសម័យថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រជាជនចិនគ្រប់ជនជាតិត្រូវប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិងលេនីន គំនិតរបស់លោកម៉ៅសេទុង គំនិតរបស់លោក Deng Xiaoping គំនិតសំខាន់នៃតំណាង ទាំង ៣ និងទស្សនអភិវឌ្ឍន៍បែបវិទ្យាសាស្ត្រ អនុវត្តដោយគ្រប់ជ្រុង ជ្រោយនូវគំនិត សង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវសង្គមនិយមមានលក្ខណៈពិសេសចិន បន្តវេននិងផ្សព្វផ្សាយស្មារតីដ៏មហិមា នៃសង្រ្គាមប្រជាជនចិន ប្រឆាំងនិងការឈ្លានពានរបស់ជប៉ុន ខិតខំបោះជំហានទៅមុខ រួមសាមគ្គីគ្នាតស៊ូប្រយុទ្ធ ដើម្បីជំរុញកិច្ចកសាង ប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ និងជំរុញបុព្វហេតុ នៃការស្តារភាពរុងរឿង ដ៏មហិមានៃប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។
ការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ មិនអាចរារាំងបានឡើយ បុព្វហេតុដ៏ខ្ពង់ខ្ពស់នៃ សន្តិភាពនិងការអភិវឌ្ឍរបស់មនុស្ស ជាតិប្រាកដជានឹងឈ្នះជាមិនខាន !
