ខែសីហា កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ៥១ ក្នុងទំហំទុនវិនិយោគ ៦០៨លានដុល្លារ

ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៥១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៥។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ថា «ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ៦០៨លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៧ពាន់កន្លែង»។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦គម្រោង។
ក្នុងរយៈពេល ៨ខែនៃ ឆ្នាំ២០២៥នេះ គ.វ.ក. បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោង វិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើង ប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ជាការកត់សម្គាល់ បើប្រៀបធៀបនឹង គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង ក្នុងរយៈពេល៨ខែ នេះ គ.វ.ក. បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ ទៅ ៧៧គម្រោង៕
