លោក ឃួង ស្រេង ឱ្យអាជ្ញាធរមូលដ្ឋាន សហការគ្នា ឱ្យបានល្អ ធ្វើយ៉ាងណាមូលដ្ឋាន ទាំងមូលស្អាត គ្មានសំរាមនិងបរិស្ថានល្អ

ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លើកឡើងថាប្រជាពលរដ្ឋនៅភ្នំពេញ រស់នៅរបៀបស៊ីវីល័យ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ សហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យមូលដ្ឋានទាំងមូលស្អាត គ្មានសំរាម និងមានបរិស្ថានល្អ រស់នៅប្រកបដោយសុខភាពល្អ។

ការលើកឡើងរបស់ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ខាងលេីនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ។

ក្នុងឱកាសនេះ លោក ឃួង ស្រេង គូសបញ្ជាក់ថា ចង់ឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព មានបរិស្ថានល្អ មិនអាចធ្វើតែឯងបានទេ ដាច់ខាត់ត្រូវតែមានការចូលរួមទាំងអស់គ្នា ពិសេសការចូលរួមពីប្រជាពលរដ្ឋ ខណៈមានក្រុមហ៊ុន ដឹកសំរាមចំនួន៣ហើយ ដូច្នេះទីណាមានសំរាម សូមរាយការណ៍ មក ភ្នាក់ងារអ្នកដឹកជញ្ជូនសំរាម នឹងទៅដឹកជញ្ជូនភ្លាម។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា យុវជនជំនន់មុន បានលះបង់ច្រើនណាស់ ដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជា ដោយបានយកជីវិតធ្វើជាដើមទុន នោះគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិ ដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ។

លោក ឃួង ស្រេង បន្តថា សមាជិក សមាជិការបស់យើង ជាឃោសនិកដ៏ឧត្ថុងឧត្ដម របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោល នយោបាយរបស់បក្ស និងអំពើល្អៗ របស់មេដឹកនាំបក្ស ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បានយល់ជ្រោតជ្រាបកាន់តែច្បាស់ និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ។



បន្ថែមលេីនេះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែលថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត ដើម្បីឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕
