ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ដោយឥតគិតថ្លៃ ក្នុងឆ្នាំ២០២៥ ជូនពលរដ្ឋយកទៅដាំ ដើម្បីជួយបង្កើន គម្របបៃតងនៅកម្ពុជា

ភ្នំពេញ ៖ ដើម្បីឱ្យស្របតាមរដូវកាល ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាន នៅបន្តចែកជូនកូនឈើ ដោយឥតគិតថ្លៃដល់សាធារណជន ពីថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះ កូនឈើថ្នាក់តំបន់នានាផងដែរ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួអបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានកូនឈើចម្រុះ ចំនួនជាង ៣០ម៉ឺនដើម ក្នុងមានប្រភេទឈើបេង នាងនួន រាំងទឹក ដើមគរ ដើមអំពិលទឹកបារាំង(ច័ន្ទគីរី) ដើមអំពិលផ្អែម ដើមក្ងោក លឿងរាជ និងដើមផ្កាក្រដាស ជាដើម ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ប្រជាជន និងប្រទេសកម្ពុជា យើងអាចទទួលបានប្រយោជន៍ជាច្រើននាពេលអនាគតពីការដាំដើមឈើ ទទួលបានផលទាំងសេដ្ឋកិច្ច និងសុខុមាលភាព ។ ពោល គឺដើមឈើដែលបានដាំដុះទាំងអស់នោះ នៅពេលធំធាត់ទៅ នឹងស្រូបយកកាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងចូលរួមចំណែក ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ ដែលជាបញ្ហាសកល ចូលរួមដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការរៀបចំអភិវឌ្ឍន៍គោលដៅលំហែបៃតង ជាដើម។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ក្រសួងបរិស្ថាន បានជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបានបង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ចំនួន៥ កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង៕

To Top