ក្រសួងអប់រំ ហាមឃាត់ការថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡង អ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) អ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នៅថ្ងៃទី៤ កញ្ញានេះ។

សូមរំលឹកថា តាមការគ្រោងទុក ដំណាក់កាកំណែមានរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងមិនអនុញ្ញាឱ្យបញ្ចប់មុនម៉ោងកំណត់ ឬថ្ងៃកំណត់ឡើយ។ បន្ទាប់ពីកំណែចប់សព្វគ្រប់ គឺជាដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយក្រសួងបានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕
