ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ តបទៅ អភិបាលខេត្តស្រះកែវ ថា ការធ្វើសកម្មភាព ដោយឯកតោភាគីណាមួយ ជាការបំពាន ដល់កិច្ចព្រមព្រៀងនានា

ភ្នំពេញ ៖ បញ្ហាលំនៅដ្ឋានប្រជាពលរដ្ឋ នៅតំបន់ព្រំដែន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឆ្លើយតបទៅ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ថា ការធ្វើសកម្មភាពដោយឯកតោភាគី ណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងអាស្រ័យក្នុងតំបន់នោះ ជាការបំពាន ដល់កិច្ចព្រមព្រៀងនានា។

ថ្មីៗនេះ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ បានផ្ញើលិខិតទៅ អភិបាលខេត្តបន្ទាយមានជ័យ កម្ពុជា ករណីស្នើសុំកិច្ចសហការ ដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ។

តាមរយៈលិខិតឆ្លើយតបរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្ញើទៅ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ថា អភិបាលខេត្តបន្ទាយមានជ័យ កម្ពុជា បានទទួលរួច ហើយនូវលិខិត អភិបាលខេត្តស្រះកែវ ករណីស្នើសុំកិច្ច សហការដោះស្រាយបញ្ហាលំនៅដ្ឋាន ប្រជាជននៅភូមិសាស្ត្រ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ កម្ពុជា ជាប់គ្នានឹងស្រុក គោកស៊ូង ខេត្តស្រះកែវ ថៃ។

អភិបាលខេត្តបន្ទាយមានជ័យ បន្ដថា បញ្ហាខាងលើនេះ គឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។

ផ្ទាំងពាណិជ្ជកម្ម

អភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា «ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥»។

ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការព្រំដែន និង MOU ២០០០ ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងការព្រមព្រៀងទាំងឡាយរបស់ប្រទេសទាំងពីរ ទាក់ទងនឹង កិច្ចការព្រំដែន, អភិបាលខេត្តបន្ទាយមានជ័យ ស្នើ អភិបាលខេត្តស្រះកែវ រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជន កំពុងរស់នាពេលបច្ចុប្បន្ន ហើយទុកកិច្ចការងារ នេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ច ក្នុងការដោះស្រាយបញ្ហានេះ។

អភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមជឿជាក់ថា បញ្ហាខាងលើនេះ នឹងមានដំណោះស្រាយល្អ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខនេះ៕

To Top