ព័ត៌មានជាតិ

ក្រុមហ៊ុនទេសចរណ៍វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ជាមួយកម្ពុជា តាមរយៈនាំភ្ញៀវទេសចរ​ ពីវៀតណាម មកកម្ពុជា

ភ្នំពេញ៖ លោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel បា​​នប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ តាមរយៈការនាំភ្ញៀវ ទេសចរពីវៀតណាម មកកម្ពុជាបន្ថែម ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនលោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel និងទទួលបន្ទុកផ្នែកអភិវឌ្ឍអាជីវកម្ម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជ្រាបពីសំណូមពរ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុន ក្នុងប្រតិបត្តិការនាំភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការជំរុញវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ នៅសណ្ឋាគារ Rex Hotel ទីក្រុងហូជីមិញ។

ឆ្លៀតក្នុងឱកាសដ៏ មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការផ្តល់ នូវយុទ្ធសាស្រ្តល្អៗដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាង លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវវៀតណាម និងភ្ញៀវអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានយកឱកាសនេះបញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិ ប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា។

ជាមួយគ្នានេះតំណាងក្រុមហ៊ុន Vietravel បានឯកភាពសហការរៀបចំ ដំណើរទស្សនកិច្ចស្វែងយល់ សក្តានុពលទេសចរណ៍ (Famtrip) នាពេលខាងមុខ ដើម្បីវិស័យឯកជនកម្ពុជា និងក្រុមហ៊ុន បានជួបពិភាក្សាឈានដល់ការ សម្រេចរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា៕

To Top