សម្តេចតេជោ ប្រាប់ទូតបួគីណាហ្វាសូ ឲ្យប្រយ័ត្នចំពោះការជំនួយ និងផ្តល់យោបល់ ពីប្រទេសអ្នកមាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជាបានប្រាប់លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជាថា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់ជំនួយ និងការផ្តល់យោបល់ពីបណ្តាមិត្តភិក្តបរទេស ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ថា ការដែលសម្តេចតេជោប្រាប់ទៅទូតបួគីណាហ្វាសូនេះ ដោយសារទាំងការផ្តល់ជំនួយ និងផ្តល់យោបល់ខ្លះក៏មិនល្អទាំងស្រុងនោះទេ ពេលខ្លះអាចនាំឲ្យធ្លាក់ជ្រោះជ្រៅដោយមិនខ្លួនក៏មានដែរ ព្រោះជាក់ស្តែងកម្ពុជាបានជួបប្រទះអស់ហើយ ។

លោកបន្តថា “សម្តេចបានប្រាប់ទៅឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតថា ប្រយ័ត្ននូវអ្វីដែលក្នុងនាមជាប្រទេសក្រីក្រ អ្វីដែលយើងប្រយ័ត្នបំផុតនោះគឺ ជំនួយរបស់បរទេស ។ ជំនួយបរទេសនេះគឺជារឿងសំខាន់ ព្រោះជំនួយខ្លះនឹង អាចជះផលអវិជ្ជមាន សម្រាប់ប្រទេសរបស់ខ្លួនក៏អាចថាបាន ប្រសិនបើខ្វះការគិតគូរឲ្យបានស៊ីជម្រៅ” ។
ជាមួយគ្នានេះ សម្តេចតេជោក៏ចូលរួមចំណែកចែករំលែកចំពោះទស្សន នៃការផ្តល់យោបល់ពីមិត្តភិក្តបរទេសផងដែរ ជាពិសេសពីបណ្តាប្រទេសអ្នកមាន ព្រោះពេលខ្លះការផ្តល់យោបល់ មកឲ្យអនុវត្តតាមនោះក៏មិនល្អ និងត្រឹមត្រូវទាំងស្រុងផងដែរ ។ ដូច្នេះត្រូវតែយកមកថ្លឹងថ្លែងនិងគិតពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងនាំខ្លួនឯងទៅរកភាពអន្តរាយ ។ ជាក់ស្តែងសម្តេចបានឆ្លងកាត់រួចហើយ ចំពោះមិត្តបរទេស ដែលបានឲ្យកម្ពុជាលក់គយទៅប្រទេសមួយទៀត ។ សម្តេចតេជោមានប្រសាសន៍ថា មេដឹកនាំប្រទេសអ្នកមានមួយចំនួន ពិត ជាមានសំណាងបានចាប់កំណើត នៅប្រទេសអ្នកមាន ប៉ុន្តែក៏មិនប្រាកដថា ខួរក្បាលពួកគេល្អជាងខួរក្បាល មេដឹកនាំរបស់ប្រទេសក្រីក្រនោះទេ។

លោក ជា ធីរិទ្ធអះអាងថា មូលហេតុសម្តេចតេជោ ហ៊ុន សែន បានចែករំលែកពីបទពិសោធន៍ ក្នុងការដឹកនាំប្រទេសកម្ពុជា ជិត៤០ឆ្នាំទៅលោក Daouda Bitie ព្រោះកម្ពុជា និងបួគីណាហ្វាសូមានស្ថានភាពប្រហាក់ប្រហែលគ្នា ជាពិសេសស្ថិតនៅក្រោមរបបអាណានិគម និយមបារាំងដូចគ្នា ៕
