ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ ក្នុងនាមជាអាជ្ញាធរ មានសិទ្ធិ ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីសន្តិសុខ សុវត្ថិភាព ក្នុងតំបន់

ភ្នំពេញ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ ត្រូវដឹងថា ក្នុងនាមជាអាជ្ញាធររដ្ឋ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ បានរក្សានូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភឡើយ បើទោះបីមានការមានសង្គ្រាមឈ្លានពានពីទាហានថៃ។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ដោយបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មានទាំងបទល្មើស លួច ឆក់ប្លន់និងល្បែងតាមអនឡាញជាដើម។

ឆ្លៀតក្នុងឱកាស លោក ឃួង ស្រេង បានសុំឱ្យមន្ត្រីទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ និងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពានលើទឹកដីកម្ពុជា។

ដោយគឡែកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើង ពីការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព នៅរាជធានីភ្នំពេញបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគ និងអ្នកទេសចរណ៍ទទួលបានភាពកក់ក្តៅ។ បានការពារព្រះមហាក្សត្រនិងថ្នាក់ដឹកនាំ បាន២០២លើក ប្រកបដោយសុវត្ថិភាពនិងបានធ្វើឱ្យបទល្មើសថយចុះ។

ផ្ទាំងពាណិជ្ជកម្ម

ដោយដើម្បីឆ្លើយតបបទល្មើសដែលបានកើតឡើង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសបាន២២៦ករណី ឃាត់ខ្លួនជនសង្ស័យបាន២៩៩នាក់។ បង្ក្រាបក្មេងទំនើងបាន១០៦ករណី ឃាត់ខ្លួនបានជាង៣០០នាក់ បង្ក្រាបល្បែងស៊ីសង បាន១៣២ករណី ឃាត់ខ្លួនបាន២៣៤នាក់។

ពាក់ព័ន្ធនិងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនេះ ស្នងការរនគរបាលរាជធានីភ្នំពេញ ក៏បានចុះផ្សព្វផ្សាយគោលនយោបាយ បានចំនួន៦២២លើក ដែលមានមនុស្សចូលរួម ប្រមាណជាង៣៦៧ពាន់នាក់។

ក្នុងឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ដោយមិនមានអ្វីគួរឱ្យកត់សំគាល់ឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ បន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាល ពិសេសនៅតំបន់ស្មុកស្មាញ។

ដោយក្នុងនោះ លោក ប៊ុន ហុន ​​មានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធររដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ដែលយើងគ្រប់គ្រង។ តែមន្ត្រីអនុវត្តសូមកុំធ្វើជាត្រីងៀត ឆ្លៀតពង៕

To Top