ព័ត៌មានជាតិ

ក្រុមការងាររបស់ក្រសួងការងារចុះសម្របសម្រួល និងតាមដាន​ការទទួល​យក​បង​ប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃនៅក្នុង​ក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេម​បូឌា)

ភ្នំពេញ៖ លោក​ ម៉ុល វិបុល អនុរដ្ឋលេខា​ធិការ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំ​ក្រុមការងារ​សម្រប​សម្រួល​ផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ស្ថិត​នៅ​សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បី​សម្រប​សម្រួល និងតាមដាន​ការទទួល​យកបង​ប្អូនពល​ករខ្មែរ​ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ក្រុមការងារនេះមានការចូលរួមពីលោក អិប ស៊ីណា, លោក ប្រាក់ សុមនី, លោក មុំ សំអាត និងកញ្ញា សាក់ រក្សា ដែលក្រុមការងារបានចុះទៅទីតាំងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ដោយ​មាន​សកម្មភាពអាជីវកម្មចំបង ផ្នែកកម្មន្ដ​សាល​សម្លៀក​បំពាក់ ដែលផលិតម៉ាកល្បីៗដូចជា Champion, Puma, Quick Silver, Wranger, GAP, និង BBG។

លោក​ ម៉ុល វិបុល អនុរដ្ឋលេខាធិការ​បានមាន​ប្រសា​សន៍ថា ក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) មានតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន ៧០០នាក់(ស្រី៦៥០នាក់) ទៅតាមផ្នែក និង​ជំនាញ​ដូចជា ផ្នែកកាត់ដេរ និងផ្នែកត្រួតពិនិត្យ QC។ លើស​ពី​នេះ ទោះកម្មករអត់​មានជំនាញក៏​រោងចក្រមាន​តម្រូវ​ការ​ជ្រើសរើសផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ លោកបានពន្យល់​ណែនាំដល់​ក្រុមហ៊ុនឱ្យ​ទទួលយកបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលខ្វះអត្តសញ្ញាណបណ្ណឱ្យសម្ភាសន៍ចូលធ្វើការ និងសន្យាសហការជាមួយនឹងក្រុមការងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ធ្វើការរួម​គ្នាឱ្យ​មានភាពស្អិតរមួត ដើម្បីពន្លឿនប្រសិទ្ធ​ភាពការសម្ភាស​ការ​ងារតាមអនឡាញ និងទទួលយក​បងប្អូនកម្មករ​និយោ​ជិត​ឱ្យចូលធ្វើការ។

លោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពី​សំណាក់​លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានណែ​នាំ​ដល់រដ្ឋបាលរោងចក្រឱ្យបន្តយកចិត្តទុកដាក់ដល់បងប្អូនពលករ​ខ្មែរ​ដែលត្រឡប់មកពីប្រទេសថៃ តាមរយៈ​ការប្រើ​ប្រាស់នូវពាក្យសំដីសមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និងគ្មាន​ការរើស​អើងបងប្អូន​ពលករដែលមកពីប្រទេសថៃ៕

To Top