ក្រសួងទេសចរណ៍ ណែនាំឱ្យរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ។
យោងតាមសេចក្តីណែនាំ របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏មានសារសំខាន់របស់ ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន និងបងប្អូនរួមជាតិទាំងឡាយ ដែលបានលាចាកទៅកាន់លោកខាងមុខ។ ម្យ៉ាងវិញទៀត ក៏ជាឱកាសសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូន ញាតិមិត្តដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបង្កើនបាន នូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចខាងក្រោម៖
-ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាម មូលដ្ឋានអាជីវកម្ម
-ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈ តាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗ ឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ដល់ភ្ញៀវក្នុងការ ពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍
-ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ
-ត្រូវរៀបចំចំណតរថយន្ត ឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្ម អាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវ ពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានស្លាកសញ្ញាសម្គាល់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមាន ការចតទោចក្រយានយន្ត និងយានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ ដល់ចរាចរណ៍លើផ្លូវសាធារណៈ ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ ស្របតាមការណែនាំ លេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ ក្រសួងទេសចរណ៍
-រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម សូមបង្ហាញអំពី វប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ
-ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ
-ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក អំពីការផ្តល់សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្ម សេវាកម្មទេសចរណ៍ ព្រមទាំង រៀបចំឱ្យបុគ្គលិក មានឯកសណ្ឋានត្រឹមត្រូវ ទៅតាមផ្នែកនីមួយៗ ជាពិសេសស្នើសុំឱ្យមានការ រំលេចលក្ខណៈជាខ្មែរ
-ត្រូវយកចិត្តទុកដាក់ ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំ ឱ្យបានញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និង សូមបែងចែក រវាងបន្ទប់ទឹកបុរស-នារី ដើម្បីរក្សាឱ្យមានសុវត្ថិភាព
-ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឱ្យបានសកម្ម នូវយុទ្ធនាការក្រោមទិសស្លោកចំនួន៣៖ ទី១ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍” ទី២ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និងទី៣ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា”
-ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
