ពលរដ្ឋជាង ៥ពាន់គ្រួសារ ក្នុងស្រុកទឹកឈូ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី

កំពត ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន ៥ភូមិក្នុងស្រុកទឹកឈូ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តព្រៃតុម្ភ ស្ថិតក្នុងឃុំព្រៃឃុំ ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីប្រមាណជាង ៩ពាន់ក្បាលដី ស្មើនឹងជាង ៥ពាន់គ្រួសារ។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តគិតគូរលើបញ្ហាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ពិសេសការមិនយកពន្ធ (ពន្ធសូន្យ) សម្រាប់ដីដែលផ្ទេរពីឪពុកម្តាយទៅកូន ហើយរាល់ការចំណាយផ្សេងៗលើការចេញបណ្ណគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសកុំឱ្យកើតមានវិវាទដីធ្លីជាមួយគ្នា ព្រោះមុនពេលចេញបណ្ណនេះគឺយើងបានយល់ព្រម និងឯកភាពគ្នារួចហើយរវាងព្រំដីដែលជាប់គ្នាទាំងអស់។
លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនពលករដែលវិលមកពីប្រទេសថៃ ហើយមានជំនាញការងារ សូមយកចំណេះដឹងទាំងនោះមកអនុវត្តន៍ និងធ្វើការងារក្នុងស្រុកដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ហើយរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការផ្តល់ការងារជូនរាប់ម៉ឺនកន្លែងផងដែរ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះមានចំនួន ៥ភូមិ រួមមានភូមិកំពង់សំរោងខាងត្បូង, ភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង, ភូមិវត្តអង្គ, ភូមិបឹងតារោង និងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ៩ ៤៧៦ ក្បាលដី ចេញបណ្ណបានចំនួន ៨ ៩៩៩បណ្ណ ស្មើនឹង ៥ ៣៧៤គ្រួសារ៕




