ព័ត៌មានជាតិ

អគ្គមេបញ្ជាការដ្ឋាន ទាត់ចោលការលើកឡើងថា រាជរដ្ឋាភិបាលគម្រាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ

ភ្នំពេញ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ បដិសេធនិងទាត់ចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួក ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ»។

យោងតាមលិខិតបដិសេធរបស់អគ្គមេបញ្ជាការដ្ឋាន នាថ្ងៃ៤ កញ្ញានេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី ពិការដើម្បីការពារជាតិ មាតុភូមិ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះការផ្សាយនេះ កងយោធពលខេមរភូមិន្ទ បដិសេធនិងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួក ដែលមានគោលបំណង បំបាក់ស្មារតីនិងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិង ប្រជាជនខ្មែរ ដែលរងគ្រោះការរំលោភបំពានទាំងកម្រោលមកលើបូរណទឹកដីកម្ពុជា។

ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកបាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន៕

To Top