ព័ត៌មានជាតិ

កុមារទី១២៣ដល់ទី១២៥ ត្រៀមខ្លួនចេញដំណើរទៅទទួលយកការវះកាត់និងព្យាបាលដោយឥតគិតថ្លៃលើជំងឺបេះដូងពីកំណើត

ភ្នំពេញ ៖ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងជំនួបជាមួយអាណាព្យាបាល និងកុមារទាំង៣រូប ដែលត្រូវទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ លើជំងឺបេះដូង ពីកំណើត លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនិងអង្គពាក់ព័ន្ធនានា ដែលតែង បានយកចិត្តទុកដាក់ ជាអាទិភាពលើសុខុមាលភាព របស់កុមារ ។ ក្រោមម្លប់ដ៏រឹងមាំនៃមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន និងចំណងមេត្រីភាព នៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី លោកបណ្ឌិតបានថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន អង្គការYUNDI មូលនិធិចិនPeaceland និងសមាគមសេវា គាំពារចិននៅភ្នំពេញ ដែលបានសម្របសម្រួលជួយដល់កុមារទាំង៣រូប ទាំងពេលចាប់ផ្តើមចុះពិនិត្យសុខភាព ពេលទទួល បានរោគវិនិច្ឆ័យផ្លូវការពីស្ថានភាពនៃជំងឺបេះដូង ការរៀបចំឯកសារស្នើសុំលិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ ព្រមទាំងមកដល់ពេលនេះ ក្រុមការងារបានជួយ សម្របសម្រួលដើម្បី ជូនក្រុមគ្រួសារនិងកុមារទាំង៣រូបមកដល់រាជធានីភ្នំពេញ ដើម្បីត្រៀមធ្វើដំណើរ ចេញទៅទទួលយកការព្យាបាល ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន។

តំណាងលោកស្រី Huang Ruihua ប្រធានសមាគមសេវាគាំពារចិននៅភ្នំពេញ លោក Pan Ganwu បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៨មក ជានិច្ចកាល លោកស្រី Huang Ruihua បានតាមដានយ៉ាងយកចិត្តទុកដាក់លើបេសកកម្ម របស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន ក្នុងការជួយដល់កុមារកម្ពុជាក្រោមអាយុ១៤ ឆ្នាំ ដែលមានជំងឺបេះដូង ពីកំណើត ដើម្បីសម្របសម្រួលយកទៅ វះកាត់និងព្យាបាលដោយឥតគិតថ្លៃ នៅប្រទេសចិន។ លោក Pan Ganwu បានបន្ថែមថា ក្នុងឆន្ទៈជួយដល់បេសកកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព លោកស្រី Huang Ruihua បានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងរួមទាំងផ្នែកហិរញ្ញវត្ថុដើម្បីផ្តល់នូវក្តី សង្ឃឹម និងស្នាមញញឹមជាថ្មីដល់កុមារកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

តំណាងដល់ក្រុមគ្រួសារកុមារ ទាំង៣រូបមកពីក្រុងរុនតាឯក និងស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលប្រជាជនកម្ពុជា បានបន្តជ្រកនៅក្រោមម្លប់ សុខសន្តិភាព និងវិបុលភាព លើគ្រប់វិស័យ ហើយលោកអភិបាលរងបានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ក្នុង ប្រវត្តិសាស្រ្តកម្ពុជា គឺ ក្នុងសករាជតេជោ-ធិបតី ប្រជាជនកម្ពុជា ជាពិសេសកុមារទទួលបាននូវការ យកចិត្តទុកដាក់កម្រិតខ្ពស់បំផុត លើវិស័យ សុខុមាលភាព។ ក្នុងនាមរដ្ឋបាលថ្នាក់ក្រោម ជាតិ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជា មួយអង្គពាក់ព័ន្ធនានា ជាពិសេសសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន ក្នុងការជួយដោយឥតគិតថ្លៃដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ហើយគិតមកដល់ពេលនេះក្នុងចំណោមកុមារ ទាំង១២៥រូបដែលបានទៅវះកាត់និងព្យាបាលឥតគិតថ្លៃលើជំងឺបេះដូងពីកំណើតនេះ ស្រុកបន្ទាយស្រីមានកុមារ ជាសះស្បើយចំនួន១០រូបផងដែរ៕

To Top