មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចំនួន ១០៦រូប បានបញ្ចប់ដោយជោគជ័យវគ្គបណ្ដុះបណ្ដាលស្ដីពី “សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ” ដើម្បីចូលរួមជួយបង្កើនប្រសិទ្ធភាពការងារលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ” ជូនដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និង មន្រ្ដីរាជការជាសិក្ខាកាម សរុបចំនួន ១៣០នាក់។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាល អានដោយ លោក សំ រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលបានដំណើរការរយៈពេល ២ថ្ងៃពេញ ដោយមានសិក្ខាកាមដែលជាមន្ដ្រីជំនាញមកពីនាយកដ្ឋានក្រោមឱវាទក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត សរុបចំនួន ១០៦នាក់ ហើយជាលទ្ធផលសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងយ៉ាងល្អប្រសើរ ព្រមទាំងមានឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈររបស់សង្គមកម្ពុជានាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ថ្លែងក្នុងពិធីបិទវគ្គ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវមនោសញ្ចេតនាអបអរសាទរចំពោះ សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គប្រកបដោយជោគជ័យ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូឧទ្ទេសទាំងអស់ ដែលបានខិតខំយកអស់ពីសមត្ថភាព ចែករំលែកចំណេះដឹងជូនដល់សិក្ខាកាមទាំងអស់នាពេលនេះ ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នាពេលនេះ។

លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទទួលបានចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះ យកទៅប្រតិបត្តិការងារពិពិធកម្មសេដ្ឋកិច្ចជនបទ ប្រកបដោយការទទួលខុសត្រូវខ្ពស់សម្រាប់អង្គភាព ក៏ដូចជាសម្រាប់ក្រសួងទាំងមូល ដើម្បីចូលរួមអនុវត្តឱ្យជោគជ័យនិងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវកម្មវិធីអាទិភាពរបស់ក្រសួង និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០ ។



ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖
- សូមយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ និងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព តាមរយៈការចងក្រងឯកសារណែនាំអនុវត្ត និងផែនការសកម្មភាពជាក់ស្ដែង
- សូមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់សហការីនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីឱ្យមានការចូលរួមអនុវត្តបានជោគជ័យ
- សូមបន្ដរៀបចំ និងបង្កើតវគ្គបណ្ដុះបណ្ដាលលើប្រធានបទពាក់ព័ន្ធនានាផ្សេងទៀត ដើម្បីបង្កើន និងពង្រឹងសមត្ថភាពមន្ដ្រីរាជការឱ្យកាន់តែប្រសើរឡើង
- ត្រូវចូលរួមសហការជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធឱ្យកាន់តែល្អប្រសើរ ជាពិសេសបន្ដបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមផែនការរបស់ក្រសួង និងផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល
- បន្ដពង្រឹង និងអភិវឌ្ឍសមត្ថភាពជាប្រចាំ តាមរយៈការសិក្សារៀនសូត្រពីមិត្តភក្ដិរួមការងារ ពីអង្គការមិនមែនរដ្ឋាភិបាល ពីវិស័យឯកជន ប្រជាជន និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងការសិក្សាស្រាវជ្រាវបន្ថែមពីប្រភពចំណេះដឹងផ្សេងៗ ដើម្បីឱ្យការអនុវត្តការងារកាន់តែមានភាពជឿជាក់ និងប្រាកដនិយម។
ជាកិច្ចបញ្ចប់នៃកម្មវិធីបិទវគ្គបណ្តុះបណ្តាលនោះ លោករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសចែកលិខិតសរសើរជូនដល់គ្រូឧទ្ទេស ក៏ដូចជាវិញ្ញាបនបត្របញ្ជាក់កាសិក្សា ជូនសិក្ខាកាមទាំង ១០៦ ផងដែរ ៕










