រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមពិធីបើក និងកាត់ខ្សែបូពិព័រណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩

ភ្នំពេញ៖ តបតាមការអញ្ជើញពីភាគីវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូរបើកសម្ពោធ ពិព័រណ៍អន្តរជាតិ ទីក្រុងហូជីមិញ លើកទី១៩ (19th International Travel Expo Ho Chi Minh City (ITE-HCMC) 2025) ដែលចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សៃហ្គន (SECC) នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងដំណើរអញ្ជើញចូលរួមព្រឹត្តិការណ៍ខាងលើនេះ លោករដ្ឋមន្រ្តី ក៏បានអញ្ជើញចុះពិនិត្យស្តង់កម្ពុជា ដែលបានរៀបចំក្នុងពិព័រណ៏អន្តរជាតិ ដោយបានផ្តល់អនុសាសន៍ដល់មន្ត្រីប្រចាំការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ព័ត៌មានពីសក្តានុពលទេសចរណ៍កម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ និងដោយភាពរាក់ទាក់រួសរាយជូនដល់ភ្ញៀវដែលអញ្ជើញមកទស្សនាស្តង់។

ព្រឹត្តិការណ៍ទេសចរណ៏កម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំរួមគ្នាដោយក្រសួងវប្បធម៌ អប់រំ និងទេសចរណ៍, ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីអ្នកទិញ អន្តរជាតិប្រមាណ ៣០០នាក់ មកពី៤0ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាប្រមាណ ជាង៣០.០០០នាក់ រួមទាំងស្តង់ចំនួនប្រមាណ៤០០ស្តង់ ដែលប្រទេសកម្ពុជាក៏មានស្តង់ចូលរួមដែរ ជាមួយជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង ១២.០០០ជំនួប៕






