បណ្ឌិត គិន ភា ៖ អ្នកបង្កើតពាក្យចចាម អារ៉ាមបំបាក់ទឹកចិត្ត ដល់កងទ័ព ជារឿងគ្រោះថ្នាក់បំផុត សម្រាប់ជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបង្កើតពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងទឹកចិត្តកង ទ័ពគឺជារឿងគ្រោះថ្នាក់ បំផុតសម្រាប់ជាតិ ។
តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោកបណ្ឌិត គិន ភា នាថ្ងៃ៥ កញ្ញា បានថ្លែងថា ប៉ុន្តែបើពាក្យចចាមអារ៉ាម នោះជាការពិត កាន់តែគ្រោះថ្នាក់ថែម ជាពិសេសក្នុងស្ថានភាព ដែលប្រទេសជាតិ កំពុងត្រូវបានសត្រូវឈ្លានពាន ។ ដូច្នេះ លោកបណ្ឌិតសង្កត់ធ្ងន់ថា ក្រៅតែពីការចេញលិខិតបដិសេធ អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ ត្រូវតែបញ្ចៀសឲ្យបានកុំឲ្យពាក្យចចាមអារ៉ាម បែបនេះក្លាយជាពាក្យពិត។
លោកបណ្ឌិត គិន ភា អះអាងថា បើសិនជា រកឃើញបែបនោះមែន ត្រូវតែផ្ដន្ទាទោសបុគ្គលប្រព្រឹត្ត បទល្មើសឲ្យម៉ឺងម៉ាត់បំផុតតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង ។
ការថ្លែងរបស់លោកបណ្ឌិតនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើស ការពិតរបស់មេឧទ្ទាមក្រៅច្បាប់ ដែលជាជនក្បត់ជាតិ៣ ជំនាន់ គឺលោកសម រង្ស៊ី និងបក្ខពួក លើកឡើងថា «រាជរដ្ឋាភិបាល បានគម្រាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ»។ បន្ទាប់ពីការផ្សព្វផ្សាយគ្មានការពិតបែបនេះ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ បានបដិសេធនិង ទាត់ចោលទាំងស្រុង ។
ដោយអគ្គមេបញ្ជាការដ្ឋានបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោល របបពិសេសចំពោះយោធិនពលី ពិការដើម្បីការពារជាតិ មាតុភូមិ ៕
