ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញាពួតដៃ ជាមួយបណ្តាញ សារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ថែរក្សាសន្តិភាព និងការអភិវឌ្ឍរួម ក្នុងតំបន់

គុនមីង ៖ កម្ពុជា ក្នុងនាមប្រទេស ជាសមាជិកក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្ដេជ្ញាពួតដៃជាមួយ បណ្តាញសារព័ត៌មានអាស៊ី ខាងត្បូងនិងអាស៊ីអាគ្នេយ៍ទាំងអស់ ក្នុងការប្រើប្រាស់យន្តការ របស់សហព័ន្ធ សារព័ត៌មាន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលជាវេទិកាដ៏សំខាន់មួយ ដើម្បីចូលរួមចំណែកជាកម្លាំងរួម នៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការថែរក្សាសន្តិភាព ការស្វែងរកវិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់ ។

ថ្លែងក្នុងវេទិការកិច្ចប្រជុំប្រចាំឆ្នាំ 2025 បណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ (SSAMN) នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន លោក ឈាង លាង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយ បាននិងកំពុងដើរតួនាទីសំខាន់ ដែលមិនអាចខ្វះបានក្នុងការបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តលើគ្នា រវាងបណ្តាប្រទេសនានាលើពិភពលោក ។ ចាប់តាំងពីសហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ២០២៤កន្លងមក បានក្លាយជាវេទិកាដ៏មានសារសំខាន់សម្រាប់ការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ និងការរួមគ្នាឆ្ពោះទៅរកវឌ្ឍនភាព នៃបណ្តាប្រទេសនានាក្នុងតំបន់។

លោកបន្តថា ទន្ទឹមនេះ កម្ពុជាក៏បានចូលរួមយ៉ាងសកម្ម ក្នុងការកសាងសហព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យព័ត៌មាន ជាមួយបណ្តាប្រទេសផ្សេងៗ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឈាង លាង ក៏ បានផ្ដល់ជាអនុសាសន៍មួយចំនួន សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការរួមគ្នា នៅក្រោមក្របខណ្ឌ នៃសហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ថា ត្រូវធ្វើឲ្យស៊ីជម្រៅ នូវយន្តការសហប្រតិបត្តិការក្នុងតំបន់ ។ ត្រូវបន្តធ្វើឲ្យប្រសើរឡើងនូវយន្តការសហប្រតិបត្តិការផ្ទៃក្នុងនៃសហព័ន្ធ លើកទឹកចិត្តដល់ការចែករំលែកព័ត៌មាន រួមគ្នាផលិត ព័ត៌មាន និងកសាងវេទិការួមគ្នាក្នុងចំណោមសមាជិក ពង្រីកពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ និងរួមគ្នាចែករំលែកអំពីការអភិវឌ្ឍក្នុងតំបន់ឲ្យបានកាន់តែល្អប្រសើរ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ក្នុងនោះត្រូវពង្រឹងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកប្រព័ន្ធផ្សព្វផ្សាយ ។ ត្រូវផ្តោតការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដោយអាស្រ័យលើយន្តការ សហប្រតិបត្តិការរបស់សហព័ន្ធ ហើយបង្កើតយន្តការសហប្រតិបត្តិស្តីការបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា ដែលមានការចូលរួមពីរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ សកលវិទ្យាល័យ សមាគម និង ក្រុមហ៊ុន ព្រមទាំងគាំទ្របុគ្គលិក នៃអង្គភាព ដែលជាសមាជិកសហព័ន្ធ ឲ្យចូលរួមការផ្លាស់ប្តូរនិងរៀនសូត្រគ្នា ទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់ខ្លួន។ ត្រូវជំរុញការធ្វើកំណែ តម្រង់លើប្រព័ន្ធផ្សព្វផ្សាយ។ ពង្រីកនូវកាលានុវត្តភាព និងការប្រតិបត្តិដែលបង្កើតឡើងដោយបច្ចេកវិទ្យាទំនើបៗ បញ្ញាសិប្បនិមិ្មត សម្រាប់វិស័យប្រព័ន្ធផ្សព្វផ្សាយ ដោយគួរពង្រឹងបន្ថែមទៀត លើការចែករំលែកបច្ចេកវិទ្យា នៅក្នុងចំណោមសមាជិកសហព័ន្ធ និង លើកកម្ពស់ការអភិវឌ្ឍ ដោយភាពឆ្លាតវៃ និងទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់។

លោក ឈាង លាង បន្ថែមថា អរិយធម៌អាចមានការរីកចម្រើនទៅបាន គឺតាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយការអភិវឌ្ឍអាចសម្រេចទៅបាន ក៏ត្រូវធ្វើតាមរយៈការចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមកផងដែរ។

លោកសង្កត់ធ្ងន់ថា «សម្រាប់កម្ពុជាបានត្រៀមខ្លួន រួចរាល់នឹងពួតដៃគ្នា ជាមួយគ្រប់ភាគីទាំងអស់ ក្នុងការប្រើប្រាស់ យន្តការ របស់សហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលជាវេទិកា ដ៏សំខាន់មួយដើម្បីចូលរួមចំណែកជាក ម្លាំងរួមនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការថែរក្សាសន្តិភាព ការស្វែងរកវិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់»៕

To Top