លោក សយ សុភាព អំពាវនាវពលរដ្ឋខ្មែរ នៅអាមេរិក និងនៅទូទាំងពិភពលោក ចូលរួមប្រគល់ពានរង្វាន់វីរជនសន្តិភាព ដល់លោក ហ្គារី និង លោក ម៉ៃឃើល

ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភាព បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក គ្រប់រដ្ឋទាំងអស់ និងតាមបណ្តាប្រទេសនានា នៅលើពិភពលោក ចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់វីរជនស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដល់លោក ហ្គារី ហ្វ្រែនឈី (Gary Franchi) និងលោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) ឲ្យបានច្រើនកុះក ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដែលបានជួយផ្តល់យុត្តិធម៌ សម្រាប់កម្ពុជា ពីការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ ។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅ នៅក្នុងវត្តអង្គធំ ដែលមានអសយដ្ឋាន 770 Bryant Road Spartanburg South Carolina ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច។

បើតាមលោក សយ សុភាព ការចូលរួម របស់ពលរដ្ឋខ្មែរ ពីគ្រប់ទិសទី មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបង្ហាញ ពីការប្តូរផ្តាច់ ក្នុងការការពារប្រទេសកម្ពុជា។ ជាងនេះទៀត ក៏ដើម្បីជួយលើកទឹកចិត្តឲ្យលោក ហ្គារី និងលោក ម៉ៃឃើល បន្តបេសកម្មជួយផ្សព្វផ្សាយពីការឈ្លានពាន របស់ប្រទេសថៃ លើទឹកដីសុវណ្ណភូមិរបស់ខ្មែរឲ្យកាន់តែខ្លាំងថែមទៀតដែរ។

លោក សយ សុភាពបន្តថា គោលបំណង នៃការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់វីរជន ស្វែងរកសន្តិភាពសម្រាប់កម្ពុជានេះ ដើម្បីថ្លែងអំណរគុណដល់ លោក Michael & Gary ដែលជួយផ្សព្វផ្សាយ ពីការឈ្លានពាន របស់ប្រទេសថៃ លើទឹកដី កម្ពុជា កាលពីពេលកន្លងមក ហើយក៏ដើម្បីជំរុញទឹកចិត្ត ឲ្យពួកគាត់ខិត ខំជួយជាតិកម្ពុជា ពីការឈ្លានពាន របស់ប្រទេសថៃ បន្តទៀត , ដើម្បីមានឱកាស ទទួលទានអាហារសាមគ្គីរួមគ្នា ក្នុងបំណងពិភាក្សាគ្នារិះរកវិធី ដើម្បីការពារបូរណភាពជាតិខ្មែរ , ដើម្បីពង្រឹងពង្រីក សហគមនន៍ខ្មែរនៅរដ្ឋ North Carolina & រដ្ឋ South Carolina សហការគ្នារវាងរដ្ឋទាំងពីរ , ដើម្បីស្វែងរកថវិការជួយដល់ពលរដ្ឋភៀសសឹកសម្រាប់ទិញស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងព្វផ្សាយដើម្បីលាតត្រដាង នូវអំពើឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា ឲ្យពិភពលោកទាំងមូលបានដឹង តាមរយៈនៃការជួយផ្សព្វផ្សាយរបស់លោក Michael & Gary ដូចដែលគាត់ធ្លាប់បានជួយកម្ពុជាកន្លងមក ៕

