សម្តតេជោ បារម្ភចំពោះសកម្មភាពថ្មីៗនេះ របស់យោធាថៃ រាយបន្លាលួសចូលដីកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញក្តីបារម្ភ ចំពោះសកម្មភាពថ្មីៗ ដែលក្រុមយោធាថៃ បានរាយបន្លាលួសចូលដែនដីកម្ពុជា ។
ជាមួយនឹងក្តីបារម្ភនេះ សម្តេចក៏ចង់ឲ្យមហាអំណាចសហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បន្តតាមដានសកម្មភាពនានា ដែលកំពុងកើតមានឡើង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់ជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Bridgette L. Walker ភារធារីស្តីទី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោបានថ្លែងអំណរគុណដល់រដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលបានចាត់វិធានការទាន់ពេលវេលាចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ព្រោះគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នេះ បានជួយទៅដល់ប្រជាពលរដ្ឋ និងទាហាន នៃប្រទេសទាំងពីរមិនឲ្យបាត់បង់ជីវិត ក្នុងសង្រ្គាមនៃបង្ហូរឈាមដាក់គ្នា បន្តទៀត ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោ នៅតែបង្ហាញក្តីបារម្ភផងដែរ ចំពោះព្រឹត្តិការណ៍ថ្មីៗនេះបង្កដោយយោធាថៃ នៅតែបន្តសកម្មភាពរាយបន្លាលួស ចូលក្នុងដែនអធិបតេយ្យកម្ពុជា ។
លោក ជា ធីរិទ្ធគូសបញ្ជាក់ថា “សម្តេចតេជោ បានបង្ហាញក្តីព្រួយបារម្ភ ចំពោះស្ថានការណ៍ចុងក្រោយ នៃបញ្ហាព្រំដែនកម្ពុជានិងថៃ ជាពិសេសការបន្តដាក់បន្លាលួស ដែលជាចំណុចមួយសម្តេចបារម្ភពីបញ្ហានេះ ។ ដោយសម្តេច ចង់ឲ្យសហរដ្ឋអាមេរិកបន្តតួនាទីនេះ ហើយតាមដានយកចិត្តទុកដាក់បញ្ហា កំពុងកើតមានឡើងនេះ ដើម្បីធ្វើយ៉ាងណាធានាឲ្យបាន នូវការគោរពបទឈប់បាញ់យ៉ាងពេញលេញ”។

ចំពោះបទឈប់បាញ់នេះ សម្តេចតេជោ បានប្រាប់លោកស្រីភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកថា កម្ពុជាបានខិតខំអត់ធ្មត់យ៉ាងខ្លាំង ដើម្បីធានា ដល់ការគោរពបទឈប់បាញ់ ដែលបានព្រមព្រៀងជាមួយគ្នារវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
សម្តេចតេជោ នៅតែបង្ហាញការតាំង ចិត្តចង់ឲ្យស្ថានភាពព្រំដែន កម្ពុជា-ថៃ វិលត្រឡប់ទៅដូចពេលមុន ដែលមិនទាន់មានការ ផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពទាំងពីរ ។

ជាការឆ្លើយតបលោកស្រី ភារធារីស្តីទី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា ទាំងឯកឧត្តមដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិក បានយកចិត្តទុកតាមដាន ជាប់ជាប្រចាំ ចំពោះស្ថានព្រំដែនកម្ពុជា-ថៃ ។ លោកស្រីបន្តថា អាមេរិកចង់ឃើញ ស្ថានភាពព្រំដែន នៃប្រទេសទាំងពីរវិលមករកប្រក្រតីភាពឡើងវិញ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ នៅតាមបន្ទាប់ព្រំដែន។
លោកស្រីបញ្ជាក់ថា អាមេរិកនៅតែចង់បន្តតួនាទី ដោះស្រាយបញ្ហាព្រំដែនជាមួយភាគីកម្ពុជា៕
