នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ ។

ការណែនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ចំនួន១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ រួមមាន៖ ទី១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, ទី២៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត, ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ជាដាច់ខាត, ទី៤៖ មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកជាដាច់ខាត, ទី៥៖ ត្រូវពាក់មួកសុវត្ថិភាព ជានិច្ចនៅពេលជិះម៉ូតូ , ទី៦៖ ត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច (ចំពោះរថយន្ត), ទី៧៖ ត្រូវបើកបរដោយប្រកាន់ស្តាំជានិច្ច, ទី៨៖ ត្រូវពិនិត្យលក្ខណៈ បច្ចេកទេស យានយន្តជានិច្ច, ទី៩៖ ត្រូវចេះបើកបរច្បាស់លាស់ និងមានការយល់យោគអធ្យាស្រ័យគ្នា, ទី១០៖ ត្រូវបើកបរដោយស្មារតី ប្រុងប្រយ័ត្នជានិច្ច គ្រប់ពេលវេលា ។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់អ្នកបើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ និងភ្លើងចរារចរណ៍ គ្រប់ពេលវេលាក្នុងពេលបើកបរ, សូមកុំគោរពតែនៅពេលដែលមាន វត្តមានកម្លាំងនគរបាល, មិនត្រូវមើលទូរស័ព្ទ ដើម្បីស្វែងរកទីតាំងតាម Google Map និងកុំនិយាយទូរស័ព្ទ ពេលកំពុងបើកបរឲ្យសោះ ជាពិសេលអ្នកបើកបរម៉ូតូ ពីព្រោះគ្រោះថ្នាក់អាចកើតមានតែក្នុង១ ប៉ព្រិចភ្នែកប៉ុណ្ណោះ, មិនត្រូវដណ្តើម ឬប្រជែងយកឈ្នះគ្នា លើដងផ្លូវសាធារណៈ ដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ និងកុំវ៉ាជែងដោយបំពាន ក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់។

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលផែនការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៥ បានកើឡើងសរុបចំនួន១,០៦៦លើក (យប់៥៨ភាគរយ) បណ្ដាលឲ្យស្លាប់មនុស្ស៦៩៤នាក់ និងរងរបួស១៤៧៦នាក់ (ធ្ងន់៨៤៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៥០ភាគរយ, មិនគោរពសិទ្ធិ ២១ភាគរយ, មិនប្រកាន់ស្ដាំ ១១ភាគរយ, ប្រជែងគ្រោះថ្នាក់ ៧ភាគរយ, ស្រវឹង ៥ភាគរយ, បត់ ២ភាគរយ, កត្តាយាន្ដ ២ភាគរយ, ងងុយ ១ភាគរយ និងសញ្ញាចរាចរណ៍ ១ភាគរយ ៕

