រដ្ឋមន្រ្តីសុខាភិបាល ជំរុញឲ្យមូលដ្ឋាន សុខាភិបាល គ្រប់កម្រិតត្រូវស្រាវជ្រាវ ដើម្បីពង្រឹងអង្គភាពខ្លួន

ភ្នំពេញ ៖ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ លើកទីមួយស្តីពី ទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍ គោលនយោបាយសុខភាពសាធារណៈ ក្រោមមូលបទ “ការដោះស្រាយបន្ទុកនៃជំងឺមិនឆ្លង ៖ យុទ្ធសាស្ត្រថែទាំសុខភាពបឋម ប្រកបដោយភាពច្នៃប្រឌិត” លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជំរុញឲ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិតមានការស្រាវជ្រាវ ដើម្បីពិនិត្យឆ្លុះបញ្ចាំង ស្វែងរករបកគំហើញ សំដៅពង្រឹងគុណភាពក្នុងអង្គភាពខ្លួនកាន់តែប្រសើរឡើង ។

សន្និសីទនេះមានគោលបំណង បង្កើតជាវេទិកាថ្នាក់ជាតិសំរាប់ការពិភាក្សា រវាងភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នអប់រំ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល ដើម្បីឲ្យមានការពិភាក្សារួមគ្នាលើ អាទិភាពសុខាភិបាលជាតិ និងយុទ្ធសាស្ត្រកំណែទម្រង់ លើគោលនយោបាយសុខភាពសាធារណៈដោយប្រើប្រាស់លទ្ធផលចេញពីការសិក្សាស្រាវជ្រាវ ក្នុងប្រទេសនិងតាមតំបន់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការបង្កើតគោលនយោបាយទាមទារការពិភាក្សារវាងភាគីពាក់ព័ន្ធដើម្បីស្វែងរកយុទ្ធសាស្រ្ត និងប្រមូលរបកគំហើញ ពីការសិក្សា ស្រាវជ្រាវផ្សេងៗ គ្នាដែលផ្តោតលើប្រធានបទតែមួយ មកធ្វើការបង្ហាញ និងពិភាក្សាគ្នា នៅក្នុងកំរិតវិទ្យាសាស្រ្ត អាចរំលេចចេញ នូវចំណុចខ្វះចន្លោះ នៃការសិក្សាស្រាវជ្រាវ ហើយក៏អាចរកឃើញ ដំណោះស្រាយមួយចំនួនដែលអាចជួយកែលំអ សម្រួចនិងតំរង់ទិសគោល នយោបាយសុខាភិបាលជាតិឲ្យកាន់តែមានភាពប្រាកដនិយមខ្ពស់ និងចំគោលដៅ ដើម្បីឈានទៅជំរុញការអនុវត្ត កាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមូលដ្ឋានសុខាភិបាលទាំងអស់បន្តពង្រឹងសមត្ថភាពរបស់អង្គភាព ជាពិសេសលើកិច្ចការងារស្រាវជ្រាវរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ និង កាន់តែឆ្លើយតបទៅនឹងអាទិភាពជាតិ ដូចខាងក្រោមគឺការពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ន ស្រាវជ្រាវក្នុងប្រទេស និងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នក្នុងការវិភាគ សិក្សាស្រាវជ្រាវលើ វិស័យសុខាភិបាល និងគាំទ្រ គោលនយោបាយសុខាភិបាលជាតិ និងបន្តពង្រឹងការងារអភិបាលកិច្ចការងារស្រាវជ្រាវ លើវិស័យសុខាភិបាល តាមរយៈការប្រមូលផ្តុំ និងចំរាញ់យកការងារស្រាវជ្រាវ ដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជាផ្ទាល់ ក៏ដូចជាក្នុងតំបន់ ក្នុងការផ្លាស់ប្តូរយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់កែលំអរ គោលនយោបាយសុខាភិបាល ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកអំពីសុខភាពបឋម ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់ពីកម្រិតមណ្ឌលសុខភាព ដែលជួយស្វែងរក និងការពារជំងឺមិនឆ្លងចម្បង ដូចជាលើសឈាម ទឹកនោមផ្អែក និង ការវិត្តន៍ទៅជាជំងឺមហារីក បានទាន់ពេលវេលា និងការផ្តល់សេវាប្រឹក្សា បានទាន់ពេលវេលា ៕







