អភិបាលខេត្តកំពត ៖ ម្លប់នៃសន្តិភាព បានផ្ដល់ឱ្យពលរដ្ឋ នូវកម្មសិទ្ធិស្ទើគ្រប់យ៉ាង ជាមួយនឹងការរស់នៅ ដោយភាពសុខសាន្ត

កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា អស់រយៈកាលច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋ ស្ទើរគ្រប់តំបន់ មិនមានបណ្ណកម្មសិទ្ធិ លើដីធ្លី និងផ្ទះសម្បែងនោះឡើយ ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ ពីដីធ្លី មិនអស់សក្តានុពលនៃដី។ ដូច្នេះ ក្រោម ម្លប់នៃសន្តិភាព បានផ្ដល់ឱ្យពលរដ្ឋ នូវកម្មសិទ្ធិស្ទើគ្រប់យ៉ាង ជាមួយនឹងការរស់នៅដោយភាពសុខសាន្ត ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិឈ្លីតលើ និងភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ភូមិឈ្លីតក្រោមនិងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ដែលពិធីនេធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សាឈ្លីតក្រោម ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន គូសបញ្ជាក់ថា « ប្រការនេះបណ្ដាលមកពីប្រទេសជាតិ យើងកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋ ត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ជាក់ស្ដែងជំនាន់ ប៉ុល ពត កម្មសិទ្ធិលើដីធ្លីទាំងអស់ត្រូវបានដកហូត និងដាក់បញ្ចូលជាកម្មសិទ្ធិសមូហភាព»។

លោក អភិបាលខេត្ត បានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ភ្លាមៗ ប្រជាពលរដ្ឋក៏នៅពុំទាន់មានកម្មសិទ្ធិលើដីស្រែចម្ការ និងសង់លំនៅឋាន នៅឡើយ ហើយការប្រើប្រាស់ដីកសិកម្ម នាពេលនោះមានលក្ខណៈជាការប្រវាស់ដៃ នៃក្រុមសាមគ្គីបង្កបង្កើនផល ព្រោះនៅក្នុងពេលនោះ ប្រជាពលរដ្ឋភាគច្រើនមានកម្លាំងមិនគ្រប់គ្រាន់ គ្រួសារខ្លះគ្មានមនុស្សប្រុសជាជំហរ ខ្វះកម្លាំងអូសទាញ ឧបករណ៍ សម្ភារៈ គ្រាប់ពូជ និងជីជាដើម ហើយផ្ទៃដីមួយភាគធំ នៅមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន ក្នុងភូមិសាស្រ្តដែលធ្លាប់មានការប្រយុទ្ធគ្នា នាពេលកន្លងមក។

លោក អភិបាលខេត្ត បានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយគតិបណ្ឌិត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ទាំងមូលមានសន្តិភាពពេញលេញ ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា សម្រាប់ពិធីនាពេលនេះ មានការចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ភូមិ គឺភូមិឈ្លីតលើ និងភូមិត្រពាំងអណ្តូង ដែលមានក្បាលដីសរុបចំនួន ៣.១៩៨ក្បាលដី ស្មើនឹង ១.៦៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន២ភូមិ គឺភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ដែលមានក្បាលដីសរុបចំនួន ៤.០៣១ក្បាលដី ស្មើនឹង ១.៨៧១គ្រួសារ រួមនឹងការចែកបណ្ណពន្ធសូន្យដល់ពលរដ្ឋចំនួន ១៤.៤០៧បណ្ណផងដែរ៕
