វិស័យទេសចរណ៍កម្ពុជា និងវៀតណាម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាមួយនឹងការចុះអនុស្សរណៈនៃការយោគយល់គ្នា

ភ្នំពេញ៖ ក្នុងដំណើរដឹកនាំគណៈប្រតិភូ វិស័យទេសចរណ៍កម្ពុជា ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិ ទីក្រុងហូជីមិញលើកទី១៩ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជាមួយលោក Nguyễn Văn Hùng រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នាសណ្ឋាគារ Rex Hotel ។

ក្នុងជំនួបរវាងរដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីវៀតណាម ធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃពីលទ្ធផល នៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា នាពេលកន្លងមក និងលើកទិសដៅការងារថ្មីបន្តទៀត ដើម្បីពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ កាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត តាមការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ នៃទំនាក់ទំនងនៃប្រទេសទាំងពីរ ស្របស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំកំពូល គ្រប់ជំនាន់នៃប្រទេសទាំងពីរ ។

ក្នុងជំនួបកម្រិតខ្ពស់ដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានបង្ហាញនូវសេចក្តីសោមន្ស និងការពេញចិត្តលើលទ្ធផល នៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះកន្លងមក តាមរយៈចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរ មានចំនួនកើនឡើងច្រើនជាលំដាប់។

ដើម្បីឆ្លើយតបនូវការវិវឌ្ឍនៃវិស័យទេសចរណ៍ និងទំនោរនិយមថ្មីៗ របស់ភ្ញៀវទេសចរអន្តរជាតិ ដែលចាប់អារម្មណ៍ លើសក្តានុពលទេសចរណ៍ មានលក្ខណៈពិសេសប្លែកគ្នា របស់ប្រទេសកម្ពុជា និងវៀតណាម ព្រមទាំងតម្រូវការទេសចរណ៍របស់ប្រជាជន នៃប្រទេសទាំងពីរ ភាគីទាំងពីរ បានឯកភាពគ្នាស្នើសុំ គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីរដ្ឋាភិបាល ដើម្បីរៀបចំកែសម្រួល និងចុះអនុស្សរណៈ នៃការយោគយល់គ្នាថ្មីដែលឆ្លុះបញ្ចាំង ពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងការពង្រឹង និងពង្រីកលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដើម្បីរូមគ្នាផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា បេតិកភណ្ឌវប្បធម៌ដចំណាស់ និងមានតម្លៃមនុស្សជាតិ ប្រពៃណីទំនៀមទំលាប់ដ៏សម្បូរបែប កត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរ និងការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវទេសចរពីម្ចាស់ស្រុក និងគោលដៅទេសចរណ៍ធម្មជាតិចម្រុះប្លែកៗ និងគួរឱ្យចង់ទស្សនារបស់ប្រទេសទាំងពីរ និងសហការរួមគ្នា បង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញ ប្រកួតប្រជែង និងអាចបំពេញតម្រូវការ នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយតម្លៃបន្ថែម បៃតង វៃឆ្លាត និរន្តភាព និងបរិយាប័ន្ន៕



