មុខសញ្ញាប្រេីប្រាស់ជួញដូរនូវសារធាតុញៀនខុសច្បាប់ ២នាក់ត្រូវបានបង្រ្កាប

កំពង់ស្ពឺ៖ ដោយអនុវត្ដតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ
នៅថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាឲ្យកំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ចុះស្រាវជ្រាវមុខសញ្ញាគ្រឿងញៀនដែលទទួលបានព័ត៌មានពីមហាជន ដោយមានកិច្ចសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច កំលាំងបានធ្វេីការឃាត់ឈ្មោះ ឡាន លួន ភេទប្រុស អាយុ៤៣ឆ្នាំ នៅចំណុចផ្លូវលំភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ជននេះជាមុខសញ្ញាចាស់ ឆែកឆេររកឃេីញម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ (១តូច.១មធ្យម) រួមជាមួយទូរស័ព្ទដៃ១គ្រឿង ។

ដោយបានការអនុញ្ញាតនិងការសម្របសម្រួលនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដ សមត្ថកិច្ចបន្ដឃាត់ឈ្មោះ ប្រាង្គ ឌី ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ នៅតាមផ្លូវសាធារណៈដោយឆែកឆេររកឃេីញម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់មធ្យម, ទូរស័ព្ទដៃ១គ្រឿង ,ដាវកែច្នៃ១ដេីម, កាំបិតផ្គាក់១ដេីម។

បច្ចុប្បន្នមុខសញ្ញារួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យគ្រឿងញៀនខេត្ដ ចំណាត់ការតាមច្បាប់៕
