ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងនូវក្ដីរំពឹងថា ចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត អាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 25th China International Fair for Investment and Trade – CIFIT) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់កម្ពុជាដែលសម្រេចបានកាលពីឆ្នាំ២០២៤ អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពោលគឺចំនួន៤១៤គម្រោង ដែលមានទុនប្រមាណ ៦,៩ពាន់លានដុល្លារ កើនឡើង៤០% បើធៀបនឹងឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា «ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ ដោយរំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ»។
លោកឧបនាយករដ្ឋមន្រ្តី បន្ដថា ការនាំចេញរបស់កម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោកក៏បន្តកើនឡើង ពោលនៅឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាឈានដល់ ២៦,៦ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងឆ្នាំ២០២៣។ តួលេខទាំងនេះបានបង្ហាញអំពីភាពធន់ ភាពបើកចំហ និងបរិយាកាសស្វាគមន៍របស់កម្ពុជាទៅកាន់វិនិយោគិន។ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ភាពជាដៃគូរវាងកម្ពុជា និងចិនបាននាំមកនូវមិនត្រឹមតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងផ្លូវគោក កំពង់ផែ អាកាសយានដ្ឋាន និងប្រព័ន្ធឌីជីថលជាដើម ដែលចិនគឺជាដៃគូដ៏សំខាន់បានចូលរួមវិនិយោគលើគម្រោងជាច្រើន។ គម្រោងទាំងនោះមានអាទិ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាគម្រោងបានចូលរួមបង្កើតការងារ និងធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ៕


