រដ្ឋមន្ដ្រីអប់រំ ជួបជាមួយអង្គការ PSE ដើម្បីទទួលកញ្ចប់ថវិកាគាំទ្រការជួសជុល និងសាងសង់ឡើងវិញនូវអគារសិក្សា ដែលរងការប៉ះពាល់ដោយសង្រ្គាមនៅព្រំដែន

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូអង្គការ PSE ដឹកនាំដោយ លោកស្រី លក្ខិណា ដេប៉ាលីយែរ នាយកគ្រប់គ្រងអង្គការដើម្បីភាពញញឹមនៃកុមារ ដើម្បីទទួលកញ្ចប់ថវិកាគាំទ្រការជួសជុល និងសាងសង់ឡើងវិញនូវអគារសិក្សាដែលរងការប៉ះពាល់ដោយសង្រ្គាមនៅព្រំដែនជាប្រទេសថៃ។
ក្នុងឱកាសនេះ នាយកគ្រប់គ្រងអង្គការ PSE បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលដល់ក្រសួងអប់រំ យុវជន និងកីឡាចំពោះការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់នូវរាល់គម្រោងពាក់ព័ន្ធនឹងវិស័យអប់រំជាមួយ PSE និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រវិស័យអប់រំបន្ថែមទៀត។
ឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន អង្គការ PSE បានរៀបចំកញ្ចប់ថវិការចំនួន ពីរម៉ឺនដុល្លាអាមេរិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួសជុលនិងសាងសង់ឡើងវិញនូវអគារសិក្សាដែលទទួលរងការប៉ះពាល់ដោយសង្គ្រាម។ បង្កើតឡើងក្នុងឆ្នាំ១៩៩៦ បេសកកម្មចម្បងរបស់ អង្គការដើម្បីភាពញញឹមនៃកុមារ PSE គឺជួយចម្លងកុមារឱ្យផុតពីទុក្ខវេទនាទៅកាន់ការងារអាជីព។ អង្គការបានជួយដល់កុមារ យុវជន និងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្តោត សំខាន់លើការផ្តល់អាហារ ការព្យាបាល ការការពារ ការផ្តល់ជំនួយដល់គ្រួសារក្រីក្រ ការអប់រំចំណេះទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយសម្របសម្រួលរកការងារមួយដ៏សមរម្យសម្រាប់ពួកគេ។
ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការ PSE ចំពោះការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក និងបានចែករំលែកពីបច្ចុប្បន្នភាពស្ថានភាពនៅតំបន់ព្រំដែនជាមួយប្រទេសថៃ ដែលមកដល់ពេលនេះ មិនទាន់ត្រឡប់ទៅរកប្រក្រតីភាព ដែលធ្វើឱ្យក្រុមការងារក្រសួង មិនទាន់អាចចូលទៅសាងសង់ និងជួសជុលអគារសិក្សាដែលរងការខូតខាតដោយសង្គ្រាមនៅឡើយ។
យ៉ាងណាមិញ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំរួចរាល់នូវក្រុមការងារជំនាញ និងផែនការដើម្បីស្តារសាលារៀននៅតាមបណ្តោយព្រំដែនឡើងវិញ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួង រួមជាមួយការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជននានា ដែលក្នុងនោះមានកញ្ចប់ថវិការបស់ PSE ផងដែរ។ ក្រសួងបានចាត់ក្រុមការងារចុះពិនិត្យផ្ទាល់ដល់សាលារៀនដែលរងប៉ះពាល់ ដោយជាបឋមនឹងចាប់ផ្តើមពីការបោសសម្អាតមីននៅតាមកន្លែងដែលត្រូវសាងសង់ និងជួសជុល។ តាមការគ្រោងទុក ក្រសួងនឹងសម្របសម្រួលឱ្យមានការបើកបវេសនកាលចូលរៀននៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ នៅតាមទីទូលសុវត្ថិភាពដែលអំណោយផលសម្រាប់ការរៀន និងបង្រៀន ដើម្បីធានាបានថាសិស្សានុសិស្សអាចបន្តទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។
លោក ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកគាំទ្រដល់វិស័យអប់រំរបស់ អង្គការ PSE ដោយសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិជាច្រើនបន្ថែមទៀតជាមួយក្រសួងអប់រំ យុវជន និងកីឡា នាពេលអនាគត។
សូមបញ្ជាក់ដែរថា អង្គការដើម្បីភាពញញឹមនៃកុមារ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនវិសាលភាពនៃការអប់រំ លើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕
