ព័ត៌មានជាតិ

AI នឹងក្លាយជាផ្នែកមួយ​ នៃជីវិតប្រចាំថ្ងៃ និងការងារ តែមិនជំនួសការងារ របស់មនុស្សទាំងស្រុងនោះទេ

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងការងារ ដែលគួរចាត់ទុក ជាឧបករណ៍បំពេញបន្ថែម ប៉ុន្តែមិនជំនួសការងារ របស់មនុស្សទាំងស្រុងនោះទេ។

ការលើកឡើងរបស់ លោក វង្សី វិស្សុត នាឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះ នៃបញ្ញាសិប្បនិម្មិត (AI)» នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) និងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងអំពី AI និងមានលទ្ធភាពអាចប្រើប្រាស់ AI ក្នុងការងាររបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាការចាប់ផ្តើម នៃការបណ្តុះបណ្តាល នៅទីស្តីការគណៈរដ្ឋមន្រ្តីពាក់ព័ន្ធនឹង AI ហើយនឹងមានការរៀបចំបន្តទៀត តាមផ្នែក តាមមុខងារ និងភាពចាំបាច់ នៃការងារ របស់អង្គភាព ដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្រ្តី គ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី យល់ច្បាស់ពីមូលដ្ឋានគ្រឹះនៃ AI ការប្រើប្រាស់ ហានិភ័យនិងបញ្ហាប្រឈម។

លោកឧបនាយករដ្ឋមន្ត្រី ប្រចាំការ បានថ្លែងថា «AI នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនិងការងារ ដែលគួរចាត់ទុកជា ឧបករណ៍បំពេញបន្ថែម ប៉ុន្តែមិនជំនួសការងាររបស់មនុស្សទាំងស្រុងនោះទេ។ ដូច្នេះដើម្បីធានានូវប្រសិទ្ធភាព និងផលប្រយោជន៍, ថ្នាក់ដឹកនាំ អង្គភាព និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវប្រើប្រាស់ប្រកប ដោយការទទួលខុសត្រូវ គុណតម្លៃ និងក្រមសីលធម៌»។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ដថា «យើងត្រូវប្រើប្រាស់ AI ដើម្បីរត់ទាន់គេ ដែលជួយពន្លឿន បង្កើនផលិតភាព ប្រសិទ្ធភាព គុណភាពការងារ ដោយកុំខ្លាច ប៉ុន្តែកុំជឿទាំងស្រុង និងត្រូវចេះវិនិច្ឆ័យ និងមានការប្រុងប្រយ័ត្ន ពីបញ្ហាសន្តិសុខនៃការប្រើប្រាស់»។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជំរុញនិងលើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើស្វ័យសិក្សានិងស្វែងយល់បន្ថែមពី AI ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សិក្សាពេញមួយជីវិត (Life-long learning) ដើម្បីពង្រឹង និងពង្រីកសមត្ថភាព បង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ ដែលនឹងអនុញ្ញាត ឱ្យទីស្តីការគណៈរដ្ឋមន្ត្រីបោះជំហានទៅមុខ ក្នុងមាគ៌ានៃការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងស័ក្ដសិទ្ធិភាព៕

To Top