ព័ត៌មានជាតិ

ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី

កំពង់ស្ពឺ ៖ ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ត្រូវប្រកាសជាផ្លូវការ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយទទួលជ័យលាភី ពីក្រសួងទេសចរណ៍ ។

ពិធីប្រកាសនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

លោក អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញការងារ ទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅក្រុងច្បារមនព្រមទាំង បានរៀបចំកម្មវិធីសិក្ខាសាលា ជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យ វាយតម្លៃជាក់ស្ដែង លើការអនុវត្តគោលការណ៍ណែនាំ ស្ដីពីការរៀបចំទីក្រុងទេសចរណ៍ គ្មានផ្សែងបារី នាពេលកន្លងមករហូត ទទួលបានការគាំទ្រ ពីក្រសួង ទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រកាសទទួលស្គាល់ ក្រុងច្បារមន ជាទីក្រុងទេសចរគ្មានផ្សែងបារីនាពេលនេះ។

លោករដ្ឋមន្ដ្រី ក៏បានអបអរសាទរ ក្នុងការប្រកាសជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាម ដែលមានការទទួលស្គាល់ជាផ្លូវការ ពីក្រសួងទេសចរណ៍ ចំពោះបណ្ដាក្រុង ស្រុក ខណ្ឌដែលបានអនុវត្តបរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានល្អ ប្រសើរហើយជ័យលាភី គឺមានការទទួលស្គាល់ ដោយបណ្ដាទីក្រុង គ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក SCAN (Smoke-free Cities Asia Pacific Network) និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ HHW SEATCA (Southeast Asia Tobacco Control Alliance) ផងដែរ។

លើសពីនេះទៀត ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក៏មានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ដែលបានបញ្ជាក់ឱ្យឃើញថា ការរៀបចំទីក្រុង ទេសចរណ៍គ្មានផ្សែងបារីនេះ មិនត្រឹមតែលើកកម្ពស់ សុខុមាលភាពភ្ញៀវទេសចរ និង អ្នកបម្រើការក្នុង វិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់ សុខភាពសាធារណៈ តាមរយៈការចូលរួមកាត់បន្ថយផល ប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់ មកលើសង្គមជាតិ ទាំងមូលទៀតផង៕

To Top