ព័ត៌មានជាតិ

UNESCO បង្ហាញឆន្ទៈ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ អភិវឌ្ឍន៍ ភូមិគំរូគន្លឹះ

ភ្នំពេញ៖លោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឆន្ទៈ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការងារអភិវឌ្ឍន៍ ភូមិគំរូគន្លឹះជាដើម។

ការបង្ហាញឆន្ទៈនេះ ធ្វើឡើងក្នុងឱកាសលោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ។

ក្នុងជំនួបនេះ លោកឆាយ ឫទ្ធិសែន បានជម្រាបជូនប្រតិភូ អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា ដើម្បីសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោកឆាយ ឫទ្ធិសែន ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន ៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។

លោក Sardar Umar Alam បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាននាពេលកន្លងមក។

លោកបានមានប្រសាសន៍បន្តទៀតថា នេះជាលើកទី១ ហើយសម្រាប់លោក ដែលបានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដែលកន្លងមក UNESCO ធ្លាប់បានសហការជាមួយក្រសួង-ស្ថាប័ន្ថជាតិចំនួន១២ រួចមកហើយ លើការងារអភិវឌ្ឍន៍ និងអភិរក្សក្នុងវិស័យវប្បធម៌ វិស័យអប់រំ វិស័យទេសចរណ៍ និងវិទ្យាសាស្ត ហើយតាមរយៈជំនួបថ្ងៃនេះ លោក ពិតជាទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

លោក ក៏បានបង្ហាញអំពីការតាំងចិត្ត ក្នុងការចូលរួមចំណែកធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងលើការងារអភិវឌ្ឍន៍នៅជនបទដែល UNESCO អាចចូលរួមបានដូចជា ការងារអភិវឌ្ឍន៍ភូមិ គំរូគន្លឹះជាដើម។

លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះលោក Sardar Umar Alam និងសហការីដែលបានអញ្ជើញមកនាពេលនេះ។

លោករដ្ឋមន្ត្រីក៏បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះការបង្ហាញអំពីឆន្ទៈរបស់ UNESCO ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ។

លោករដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍គាំទ្រយ៉ាងពេញទំហឹង និងសហការជាមួយ UNESCO  ដើម្បីធ្វើឱ្យតំបន់ជនបទនៅកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស៕

To Top