ព័ត៌មានជាតិ

និពន្ធនាយក សារព័ត៌មានដើមអម្ពិល បរិច្ឆាគឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ លោក សយ សុភា និពន្ធនាយកសារព័ត៌មាន ដើមអម្ពិល (DAP-NEWS.COM) នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានទៅបរិច្ឆាគឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាទី ៤ ក្បែរ បូជនីយដ្ឋាន វត្តភ្នំ និងស្ថានទូតអាមេរិក​ប្រចាំកម្ពុជា។

គិតចាប់ពីឆ្នាំ ២០២៥ លោក សយ សុភា បានបរិច្ចាគឈាម ចំនួន បីដងរួចមកហើយ និងគិតចាប់ពីឆ្នាំ ២០០៣ លោកបានបរិច្ឆាគឈាម ចំនួន១៩ដង ដែលជាការធ្វើដោយកាយវិការ ស្ម័គ្រចិត្ត ចំនួន១៨ដង និងមួយដង សម្រាប់ការសង្រ្គោះជីវិតម្តាយរបស់លោក នាឆ្នាំ២០២២ ដែលត្រូវវះកាត់ នៅមន្ទីរពេទ្យ ព្រះកេតុមាលា។

លោក សយ សុភា ដែលធ្លាប់សរសេរអត្ថបទព័ត៌មាន បែបសុខភាព កាលនៅទស្សនាវដ្តីប្រជាប្រិយ នាឆ្នាំ២០០០ ដល់២០០១ រំមែងមានសមានចិត្ត និងចិត្តសប្បុរសចំពោះអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តាមរយៈការបរិច្ចាគឈាមលើកនេះ​ គាប់ជួន នឹងខួបឆ្នាំ ទី២៤ នៃព្រឹត្តិការណ៍ភេរវកម្ម នៅសហរដ្ឋអាមេរិក ១១ កញ្ញា ២០០១ លោក ក៏បានចែករំលែកនូវសមានទុក្ខចំពោះជនរងគ្រោះ និងក្រុមគ្រួសារផងដែរ។

ក្នុងនាមជាសប្បុរសជនបរិច្ចាគឈាមម្នាក់ លោក ក៏បានណែនាំកូនស្រីច្បងរបស់លោក ឈ្មោះ សយ សុជាតា ដែលទើបពេញវ័យ១៨ ក៏បានបរិច្ចាគឈាមលើកដំបូងផងដែរ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥កន្លងមកនេះ៕

To Top