កម្ពុជា ជាប្រទេសមានសេដ្ឋកិច្ចបើកចំហ និងអនុញ្ញាតឱ្យវិនិយោគិនបណ្ដាក់ទុនលើគ្រប់វិស័យ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ថា កម្ពុជា ជាប្រទេសមានសេដ្ឋកិច្ចបើកចំហ និងអនុញ្ញាតឱ្យវិនិយោគិនបណ្ដាក់ទុនលើគ្រប់វិស័យ។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Frederick Ma ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង នាថ្ងៃទី១០ កញ្ញា ក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់លើលទ្ធផលការងារដែលសម្រេចបាន ក្រោយការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
លោកសាស្រ្តាចារ្យ បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ផងដែរអំពីសក្ដានុពលរបស់ក្រុងហុងកុង ព្រមទាំងបានបញ្ជាក់អំពីការបើកការិយាល័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងនៅកម្ពុជា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ក្រោយបានចុះអនុស្សរណៈនៃការយោគយល់គ្នារួចរាល់។ រាប់បញ្ចូលទាំងកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងមានការិយាល័យសរុបចំនួន ៥១នៅទូទាំងពិភពលោក។
លោកសាស្រ្តាចារ្យ បានបន្ថែមថាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅក្នុងតំបន់អាស៊ានបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយលោកសាស្រ្តាចារ្យមានជំហររឹងមាំនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែទូលំទូលាយ។
លោកឧបនាយករដ្ឋមន្ត្រី បានមានបំណងរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ចិន នៅប្រទេសកម្ពុជា ដែលក្នុងនោះស្នើសុំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងពិនិត្យលទ្ធភាពដឹកនាំគណៈប្រតិភូចូលរួម ដើម្បីជំរុញកិច្ចការងារវិនិយោគរវាងប្រទេសទាំងពីរ។ លោកថា «កម្ពុជា ជាប្រទេសមានសេដ្ឋកិច្ចបើកចំហ និងអនុញ្ញាតឱ្យវិនិយោគិនបណ្ដាក់ទុនលើគ្រប់វិស័យ»។
តាមរយៈកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំបទពិសោធន៍របស់លោកសាស្រ្តាចារ្យក្នុងការរៀបចំ និងគ្រប់គ្រងប្រព័ន្ធស្ថានីយរថភ្លើងក្រោមដី (MRT) ផងដែរ ដោយហេតុថាលោកសាស្រ្តាចារ្យមានបទពិសោធន៍ច្រើនឆ្នាំលើការគ្រប់គ្រងប្រភេទរថភ្លើងក្រោមដីក្នុងប្រទេសចិនមានជាអាទិ៍នៅទីក្រុងប៉េកាំង ទីក្រុងសិនជិន ទីក្រុងហាងចូវ និងប្រទេសអូស្ត្រាលីជាដើម៕


