ក្រសួងការពារជាតិរុស្ស៊ី ប្រកាសបដិសេធការអះអាងដោយប៉ូឡូញ ជុំវិញហេតុការណ៍បង្កហេតុ ដោយដ្រូនយោធាជាច្រើនគ្រឿង

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សីបាននិយាយថា យោធារុស្ស៊ីមិនបានកំណត់គោលដៅណាមួយ នៅក្នុងប្រទេសប៉ូឡូញសម្រាប់ការ វាយប្រហាររយៈចម្ងាយឆ្ងាយនោះទេ។
ការលើកឡើងនេះធ្វើឡើងទៅនឹង ការចោទប្រកានកាលពីព្រឹកថ្ងៃពុធ រដ្ឋាភិបាលទីក្រុងវ៉ារស្សា បានអះអាងថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលខ្លួនកំណត់ថា ជារបស់កងកម្លាំងរបស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ខ្លួន។
ក្រសួងបានបញ្ជាក់ទៀតថា បានត្រៀមខ្លួនដើម្បីរៀបចំ ការពិគ្រោះយោបល់ ជាមួយមន្ត្រីការពារជាតិប៉ូឡូញលើបញ្ហានេះ ហើយបានអះអាងថា កងកម្លាំងយន្តហោះគ្មានមនុស្សបើក ដែលប្រើក្នុងការវាយប្រហារមួយយប់ លើភាគខាងលិចអ៊ុយក្រែនមិនអាចធ្វើឡើងលើសពី ៧០០គីឡូម៉ែត្រឡើយ។
ក្រសួងបានបង្ហើបឱ្យដឹងទៀតថា គោលដៅដែលត្រូវបានវាយប្រហារអំឡុង ការវាយប្រហារពេញមួយយប់រួមមានកន្លែង ឧស្សាហកម្មយោធាជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ភាគខាងលិចជាដើមប៉ុណ្ណោះ។
យោធារុស្ស៊ីបានវាយលុកទៅលើរថក្រោះ និងរោងចក្រយន្តហោះដែលមានទីតាំងនៅទីក្រុង Lviv ក៏ដូចជាការដំឡើងផ្សេងទៀតនៅក្នុងតំបន់ Ivano-Frankovsk តំបន់ Khmelnitsky និង Zhitomir ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទីតាំងទាំងនោះបានចូលរួមនៅក្នុងការ ផលិតយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ និងការផលិត និងជួសជុលរថពាសដែក និងអាកាសចរណ៍ប្រយុទ្ធរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុន លី
