ក្រុមហ៊ុន VISA បេ្តជ្ញាសហការជាមួយក្រសួងទេសចរណ៍ ជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនលោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Visa Worldwide Pte. Limited និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការអនុវត្តជាក់ស្តែងនូវខ្លឹមសារនៃអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា លោករដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រ ក្នុងវិស័យទេសចរណ៍កន្លងមករបស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរ របស់ប្រទេសកម្ពុជាកន្លងមកដល់អតិថិជន និងពិភពលោកទាំងមូល។

ក្នុងឱកាសនៃជំនួប គូភាគីទាំងពីរ បានឯកភាពអនុវត្តជាក់ស្តែង និងឱ្យចេញជាផ្លែផ្កាលើកិច្ចសហប្រតិបត្តិការ ដែលបានកំណត់ក្នុងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនដែលបានចុះកន្លងមក ដូចជាការគាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍ លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីទំនើប និងទិន្នន័យប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងសន្តិសុខ ជាពិសេសគឺការពិនិត្យលទ្ធភាពលើកិច្ចសហការបង្កើត Tourism Satellite Account៕






ដោយ៖ ដារាត់| ដើមអម្ពិល
