មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កោតសសើរអាជ្ញាធរខេត្តតាកែវ បានខិតខំគៀងគរអ្នកវិនិយោគ ដើម្បីបង្កើតការងារជូនពលរដ្ឋ

តាកែវ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងការកោតសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរខេត្តតាកែវ បានខិតខំប្រឹងប្រែងគៀងគរ បណ្ដាអ្នកវិនិយោគគិន ក្នុងនិងក្រៅប្រទេសមកបណ្ដាក់ទុកក្នុងខេត្តកាន់តែច្រើន ដើម្បីបង្កើនសេដ្ឋកិច្ច និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់ លោក ប៊ុន ហុន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តតាកែវថ្មី នៅសាលប្រជុំរដ្ឋបាលខេត្ត នាថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ពិធីនេះ ក៏មានការចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក រដ្ឋលេខាធិការ បានថ្លែងថា ផ្អែកតាមរបាយការណ៍ របស់ លោកអភិបាលខេត្តតាកែវ ថា គិតមកដល់ពេលនេះ មានអ្នកវិនិយោគិនបរទេស ជាច្រើនបានមកវិនិយោគបើករោងចក្រ សហគ្រាស នៅក្នុងខេត្តតាកែវ ដែលបច្ចុប្បន្នកំពុង មានតម្រូវការពលកម្មជាង ៦ពាន់កន្លែងសម្រាប់ផ្ដល់ ឱកាសការងារដល់ពលរដ្ឋ ជួយជីវភាពគ្រួសារ កាន់តែប្រសើរថែមទៀត ។ លោកថា «សមិទ្ធផលទាំងអស់ វាកើតឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ក្នុងន័យសំដៅធ្វើយ៉ាងណាបង្កើន សេដ្ឋកិច្ចក្នុងខេត្តបានរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក របស់បងប្អូនប្រជាពលរដ្ឋ»។

លោក រដ្ឋលេខាធិការ ក៏បានជំរុញដល់អាជ្ញាធរខេត្ត រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង គោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសផ្សេងៗរួមមាន៖ចោរលួចឆក់ប្លន់ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងសុខសុវត្ថិភាពជូន ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក រដ្ឋលេខាធិការ បានបន្តថា រដ្ឋបាលខេត្ត ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាង សមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជំរុញលើកទឹកចិត្តមន្ត្រីឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ជាពិសេសសមត្ថភាព ជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារឱ្យ កាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕



