បញ្ហាក្មេងទំនើង ចោរកម្ម គ្រឿងញៀន.. ត្រូវបានពលរដ្ឋ លើកឡើងពេលវេទិការ សាធារណៈក្នុង ក្រុងសែនមនោរម្យ

មណ្ឌលគិរី ៖ ពលរដ្ឋក្នុងក្រុងសែនមនោរម្យ បានទទួចនិងសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ដោះស្រាយនូវបញ្ហាមួយចំនួន ដែលកំពុងប្រឈម ក្នុងនោះមានដូចជាក្មេងទំនើង ចោរកម្ម គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់ អនាម័យ ភ្លើងបំភ្លឺផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ ។ ការលើកឡើង របស់ប្រជាពលរដ្ឋ គ្រាដែលអាជ្ញាធរក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរីបានបើកវេទិការសាធារណៈមួយ កាលពីថ្ងៃទី១១ ខែកញ្ញា ដើម្បីអោយសមស្របទៅនិងការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៧នេះ។

វេទិការសាធារណៈនេះ ត្រូវគេសង្កេតឃើញពលរដ្ឋ លើកឡើងបញ្ហាជាច្រើនដើម្បីអោយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចដោះស្រាយ ពិសេសការស្នើរសូមផ្លូវបេតុងថ្មី ដែលមានទីតាំង នៅជើងភ្នំដោះក្រមុំ ដែលមានបញ្ហាលំបាកធ្វើដំណើរ យូរមកហើយនោះ ។ ហើយបញ្ហាតូចៗជាច្រើនមានដូចជាបញ្ហាក្មេងទំនើង ចោរកម្ម គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណៈ បញ្ហាអនាម័យ ភ្លើងបំភ្លឺផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ក៏តម្រូវអោយជួយដោះស្រាយផងដែរ។

ជាការឆ្លើយតបនិងសំណើររបស់បងប្អូនអ្នកភូមិ ដែលបានចូលរួមក្នុងអង្គវេទិកាសាធារណៈ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ រួមនិងលោកស្រី នេត ឆាយា ចៅសង្កាត់សុខដុម បានដោះស្រាយនូវការសាងសង់ផ្លូវបេតុងមួយខ្សែចាប់ពីចំនុចផ្លូវកែងបំបែក វិមានឯករាជ្យឆ្ពោះទៅជើងភ្នំដោះក្រមុំ នាចុងឆ្នាំ២០២៥នេះ ។

ចំណែកបញ្ហាការចោលសំរាមពាសវាលពាសកាល នៅចំណុចភ្នំអគ្គជិតភ្នំដោះក្រមុំ អាជ្ញាធរបានស្នើរសុំការចូលរួមបន្ថែមពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងនោះ ជួយហាមឃាត់ឬថតរូបអ្នកចោលសំរាមអនាធិបតេយ្យ ផ្ញើរជូនសមត្ថកិច្ចឬអាជ្ញាធរ ដើម្បីចាត់វិធានការលើជនទាំងនោះ ។ ហើយដំណោះស្រាយមួយទៀតលោកស្រីចៅសង្កាត់ និងសហការជាមួយមន្ទីរបរិស្ថានខេត្ត រៀបចំដាក់ធុងសំរាមតាមដងផ្លូវបេតុង សម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ ដើម្បីចូលរួមកែលម្អសោភ័នភាពក្រុង ។

ចំពោះបញ្ហាក្មេងទំនើង ចោរកម្ម គ្រឿងញៀន និងសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណៈ ត្រូវបានលោកអធិការរងក្រុងសែនមនោរម្យរួមនិងលោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់សុខដុម សន្យាបង្កើនសកម្មភាពចុះល្បាត និងក្តាប់មុខសញ្ញាទាំងនោះដើម្បីចាត់វិធានការ។ ទន្ទឹមនេះសមត្ថកិច្ចក៏បានក្រើនរំឮកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការស្អិតរមួតផ្តល់ព័ត៌មាន សមត្ថកិច្ចដើម្បីប្រសិទ្ឋភាពការអនុវត្តការងារ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងមូលដ្ឋានកាន់តែប្រសើរ ៕



ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
