ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​របស់​អ៊ីស្រាអែល​  នៅ​កាតា​អាច​បើក​ជំពូក​ថ្មីនៃជម្លោះដ៏គ្រោះថ្នាក់​នៅក្នុង​ជម្លោះ​ហ្គាហ្សា

យូអីន៖​ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ​ និងសន្តិភាពលោកស្រី Rosemary DiCarlo បានព្រមានថា​ ការវាយប្រហាររបស់អ៊ីស្រាអែល​ លើកាតាអាចបើកជំពូកថ្មីនិងគ្រោះថ្នាក់នៅក្នុងជម្លោះហ្គាហ្សា ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព​ និងស្ថិរភាពក្នុងតំបន់។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃអង្គារ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ 

លោកស្រី​ DiCarlo បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងសន្និសីទខ្លីមួយថា វាគឺជាការកើនឡើងគួរឲ្យព្រួយបារម្ភ ជាពិសេសចាប់តាំងពីវាផ្តោតលើបុគ្គល​ ដែលត្រូវបានគេរាយការណ៍ថាបានប្រមូលផ្តុំគ្នា​ ដើម្បីពិភាក្សាអំពីសំណើចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សា។

លោកស្រីបានលេីកឡេីងថា អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសណាមួយ រួមទាំងកាតា ដែលជាដៃគូដ៏មានតម្លៃក្នុងការជំរុញការបង្កើតសន្តិភាព និងដំណោះស្រាយជម្លោះ ត្រូវតែគោរព។

លោកស្រីបានបន្ដថា “កាតា រួមជាមួយនឹងអេហ្ស៊ីប និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងបញ្ចប់ការឈឺចាប់ និងត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាព”។

លោកស្រីបានបន្ដថា “យើងមានអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កាតា និងការទូតប្រកបដោយការស្ថាបនា។ ភាគីទាំងអស់ត្រូវតែធ្វើសកម្មភាពដើម្បីការពារកិច្ចខិតខំប្រឹងប្រែងទាំងនេះ”។

គួរឱ្យសោកស្ដាយ លោកស្រីបានបន្ថែមថា សកម្មភាពរបស់អ៊ីស្រាអែល​ បានកើតឡើងនៅកម្រិតខ្ពស់នៃការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយភាគី។ សកម្មភាពណាមួយដែលធ្វើឱ្យខូចដល់ការងារនៃការសម្រុះសម្រួល និងកិច្ចសន្ទនាធ្វើឱ្យទំនុកចិត្តលើយន្តការនានាដែលពិភពលោកពឹងផ្អែកលើការដោះស្រាយជម្លោះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top