កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការ នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តជ្រោយថ្ម និងវត្តបឹងកុក ក្នុងក្រុងកំពង់ចាម។

ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្ករទម្ងន់ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្កសរ ៥គីឡូក្រាម, តែ ៥ គីឡូក្រាម និងជាងថវិកា៤លានរៀល។ ដោយឡែកផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ព្រះអង្គ និងបច្ច័យក្នុង១អង្គ ១០ម៉ឺនរៀលផងដែរ។

សូមជម្រាថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យក ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយ ដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។




អត្ថបទដោយ : គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
