AHF បង្ហាញសេវាពិនិត្យកាមរោគ ព្យាបាល និងមេរោគអេដស៍ ដោយឥតគិតថ្លៃ

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានបង្ហាញសេវាពិនិត្យកាមរោគ ព្យាបាល និងមេរោគអេដស៍ ដោយឥតគិតថ្លៃ ព្រមទាំងរក្សាការសម្ងាត់បំផុត ខណៈយុវជនប្រឈមមុខនឹងការឆ្លងកាមរោគ និងមេរោគអេដស៍កើនឡើង។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការចូលរួមឆ្លើយតបទៅនឹងមេរោគ និងកាមរោគ នៅមណ្ឌលថែរក្សាសុខភាពទួលគោក របស់ AHF មានទីតាំងផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេស របស់ AHF Cambodia មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូនអ្នកសារព័ត៌មាន នូវឱកាសមួយដើម្បីទស្សនាគ្លីនិកពិនិត្យ និង ព្យាបាលកាមរោគរបស់យើង ចូលរួមដោយផ្ទាល់ជាមួយអតិថិជន និងបានឃើញដោយផ្ទាល់ នូវសេវាកម្ម ដែលមានឥទ្ធិពលដែលយើងផ្តល់ជូន» ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល ១០០% សម្រាប់អតិថិជន ដែលទើបធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្មរបស់យើង រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគ យើងផងដែរ»។

លោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្ត្រ ប្រធានមណ្ឌលគ្រប់គ្រងមណ្ឌលថែទាំសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានថ្លែងថា សម្រាប់គ្លីនិកនេះមានផ្តល់សេវាកម្មដូចជា៖ ថែទាំ និងព្យាបាលជំងឺកាមរោគ, សេវាប្រឹក្សា និងតេស្តឈាមរកមេរោគអេសដ៍ , ផ្តល់ថ្នាំបង្ការជាមុន ពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, ផ្តល់ថ្នាំបង្ការក្រោយប្រព្រឹត្តប្រឈម នឹងការឆ្លងមេរោគអេសដ៍, និងមានផ្តល់ស្រោមអនាម័យបង្ការមេរោគអេសដ៍។

សូមបញ្ជាក់ថា មណ្ឌលថែទាំសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា មានទីតាំងនៅផ្ទះលេខ០៦ ផ្លូវ៦០៤ សង្កាត់ចឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរសព្ទ ០៩៦ ៩២៩ ២៩៥២ ដែលបានបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុត ដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាល ដោយមិនគិតពីលទ្ធភាព នៃការបង់ប្រាក់ ដល់អតិថិជនជាង ២.៥លាននាក់ក្នុង៥០ប្រទេសជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប ៕
