ក្រសួងការងារនិង CDRI ចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព

ភ្នំពេញ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតនូវក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលផ្តោតសំខាន់ទៅលើការសិក្សា ស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារ និង ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងសមត្ថភាពមន្ត្រី របស់ភាគីទាំងពីរដើម្បីចូលរួមកសាង លើកកម្ពស់ និងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព។

ក្នុងជំនួបពិភាក្សានៅមុនពិធីចុះហត្ថលេខា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះអនុស្សរណៈនាពេលនេះ ដែលនឹងបង្កើតបានជាសមិទ្ធផលមួយសម្រាប់សាធារណជន អ្នកធ្វើគោលនយោបាយ និងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យស្វែងយល់កាន់តែច្បាស់ ពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ ពីស្ថាប័នស្រាវជ្រាវ ដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុង ការចូលរួមអភិវឌ្ឍសង្គមជាតិ ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ដោយឡែក លោកស្រីបណ្ឌិត អេង នេត្រា ដែលជានាយកប្រតិបត្តិរបស់ CDRI វិញ បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការ នាពេលនេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ និងភាពស្អិតល្មួតនៃស្ថាប័នទាំងពីរលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ។

ជាមួយគ្នានេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) តាមរយៈលោកស្រីបណ្ឌិត បានប្តេជ្ញាប្រឹងប្រែង ធ្វើឱ្យកិច្ចសហប្រតិបត្តិការ របស់ភាគីទាំងពីរទទួលបានជោគជ័យ ដែលនឹងក្លាយជាសមិទ្ធផល ដើម្បីជួយដល់ការអភិឌ្ឍសង្គម៕












