ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំឱ្យអង្គភាពជំនាញពាក់ព័ន្ធដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រី ជំនាញ រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យស្ថានភាព ទឹកលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពានអាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុង ភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ក្រោយភ្លៀងធ្លាក់យ៉ាងគំហុគ។

ក្នុងដំណើរការចុះពិនិត្យខាងលើនេះ លោក ឃួង ស្រេង បានណែនាំ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាល ខណ្ឌកំបូល បិទទ្វារទឹកប្រឡាយស្របផ្លូវរថភ្លើង ជា បណ្ដោះអាសន្នសិន ដើម្បីឱ្យទឹកនៅលើផ្លូវលេខ៤ ស្រក ងាយស្រួលធ្វើចរាចរណ៍ និងបិទទ្វារទឹកនៅផ្លូវជាតិលេខ៤ ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោត ដើម្បីកុំឱ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។

ក្នុងនោះលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣កញ្ញា យ៉ាងពេញទំហឹង ធ្វើឱ្យតំបន់មួយចំនួនត្រូវជន់លិច។តែរហូតមកដល់ព្រឹកថ្ងៃទី១៤កញ្ញា ទឹកបានស្រកអស់ប្រមាណ៧០%នៅសល់៣០%ទៀត អាចនឹងស្រកអស់ក្នុងរវាងពី២ទៅ៣ម៉ោងក្រោយ បើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។ ជាទូទៅស្ថានភាពជំនន់ទឹកភ្លៀង បានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងក្នុង ការរំដោះនិងបញ្ជៀសទឹក ទំលាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បី

កាត់បន្ថយការលិចលង់ បានដំណេីរការបូមទឹកនៃស្ថានីយ៏បូមទឹកព្រមៗគ្នា តាមស្ថានីយ៏ជាង១០ទីតាំង ដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមឧបករណ៍ និងសម្ភារៈ ដូចជារៀបចំជាបាវខ្សាច់ សម្រាប់រៀបទប់ ការពារទឹកហូរកាត់ផ្លូវ នឹងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ។

បន្ថែមលើនេះ លោក ឃួង ស្រេង ក៏បានឱ្យអាជ្ញាធរ សម្អាតផ្លូវ និងទីតាំងដែលត្រូវជនលិច នៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។

គួរឱ្យដឹងថា នៅរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់យ៉ាងជោគជាំ ស្ទើគ្រប់កន្លែង ដែលបានបង្កឱ្យមានតំបន់មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងបានធ្វើឱ្យលំហូរចរាចរណ៍ មានការកក់ស្ទះផងដែរ ។ តែទោះជាយ៉ាងនេះក្តី ឯកឧត្តម ឃួង ស្រេង មិនបានប្រងើយកន្លើយឡើយ ដោយបានចុះពិនិត្យដោយផ្ទាល់និងបានណែនាំ ដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរកវិធីដោះស្រាយបញ្ហាទាំងនេះភ្លាមៗ៕

ដោយ៖ ដារាត់| ដើមអម្ពិល

To Top