កម្មវិធីសប្បុរសធ៌ម «បណ្ណាល័យខ្ញុំ» លើកទី៧ បន្ដផ្ដល់ជូនសៀវភៅ និងសម្ភារៈសម្រាប់សិស្ស សាលាបឋមសិក្សាតាកាំ

សៀមរាប ៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ១៧៣កញ្ចប់ ផ្ដល់ជូនសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ-អ្នកគ្រូចំនួន៦នាក់ នៅសាលាបឋមសិក្សាតាកាំ ស្ថិតក្នុងភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

នេះជាលើកទី៧ហើយ ដែលកម្មវិធី «បណ្ណាល័យខ្ញុំ» បានជួយឧបត្ថម្ភដល់សិស្សក្នុងតំបន់ដាច់ស្រយាលខ្វះខាត ឲ្យពួកគេមានសម្ភារៈសិក្សាបន្ថែម និងលទ្ធភាពក្នុងការអានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង។ ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីសប្បុរសធ៌មនេះ បង្កើតឡើងក្នុងបំណងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងដើម្បីលើកទឹកចិត្តសិស្សឱ្យមានចំណង់រៀនសូត្របន្ថែម បណ្ដុះឆន្ទៈ មនសិការស្រលាញ់ការសិក្សា និងស្នេហាជាតិ ក៏ដូចជាការចុះសួរសុខទុក្ខក្នុងដំណើរការអប់រំនៅកម្រិតបឋមសិក្សាផងដែរ។

លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានមានប្រសាសន៍ថា អំណោយទាំងនេះ បានមកពីការចូលរួមរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សមាគមគីវ៉ានីស៍, សមាគមអប់រំអូវ៉ើស៊ីកម្ពុជា និងសប្បុរសជននានារួមគ្នា ជួយដល់វិស័យអប់រំនៅកម្ពុជា តាមរយៈការចែករំលែកពីអ្នកមានលទ្ធភាពជួយដល់អ្នកទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្សក្នុងសង្គមបានរីកចម្រើនទៅព្រមៗគ្នា ក្នុងបំណងរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យបានរីកចម្រើន។ លោកសាស្ដ្រាចារ្យបណ្ឌិត ក៏បានណែនាំឲ្យសិស្សា។នុស្សិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ពីថ្នាក់បឋម រហូតដល់វិទ្យាល័យ កុំបោះបង់ការសិក្សា ត្រូវព្យាយាមតស៊ូរៀនឲ្យបានចប់ថ្នាក់ឧត្តមសិក្សា ដោយយកការអានជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ពីព្រោះអានច្រើនចេះច្រើន! អានច្រើន កើនបញ្ញា!។

ជាមួយគ្នានេះ Prof. Dr. Kao Jui-Chung, ព្រឹទ្ធបុរស National Kaohsiung University of Science and Technology ក៏បានលើកឡើង និងបញ្ជាក់បន្ថែមដល់សប្បុរសជននានាមកពីតៃវ៉ាន់ ដើម្បីស្វែងយល់អំពីស្ថានភាព និងសកម្មភាពសប្បុរសធម៌ របស់កម្មវិធីនេះ និងសកម្មភាពនានាដែលបានធ្វើកន្លងមក។

លោកស្រីនាយិកាបឋមសិក្សាតាកាំ ក៏បានថ្លែងអំណរគុណដល់ម្ចាស់អំណោយ និងបានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះជាការជួយសម្រួលការលំបាកខ្វះខាត ដល់សិស្សានុសិស្សឱ្យកាន់តែស្រលាញ់ការសិក្សារៀនសូត្របន្ថែមទៀត។

គួរបញ្ជាក់ថា សម្រាប់សិស្សានុសិស្ស ១៧៣នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ២ក្បាល, ប៊ិច២ ដើម, ខ្មៅដៃ ២ដើម និងជ័រលុប១។ អ្នកគ្រូ លោកគ្រូ ចំនួន៦នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀន
និងជូនថវិកាចំនួន ៤០ម៉ឺនរៀល សម្រាប់ទ្រទ្រង់សាលា។

លើសពីនេះ ក្រុមការងារសប្បុរសធម៌ ក៏បានទស្សនកិច្ចកំសាន្តនៅខេត្តសៀមរាប ជាពិសេសតំបន់ប្រាសាទអង្គរផងដែរ៕






