ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរ យកចិត្តទុកដាក់ដោះស្រាយសំណូមពរ និងបញ្ហាប្រឈម របស់គ្រួសារវីរៈកងទ័ពជួរមុខ

កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចិត្តទុកបញ្ហាប្រឈម និងសំណូមពររបស់គ្រួសារវីរៈកងទ័ពជើងមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការងារអាទិភាពមួយ ក្នុងការសម្របសម្រួល ដោះស្រាយ ដោយអនុវត្តទៅតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់។

លោក អភិបាលខេត្ត បានណែនាំបែបនេះក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងកម្លាំង ប្រដាប់អាវុធក្នុងខេត្តកណ្តាល ដែលសាមីអង្គភាពបញ្ជូន ទៅសមរភូមិមុខ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។

លោក អភិបាលខេត្ត គូសបញ្ជាក់ថា «បងប្អូនវីរៈកងទ័ព ដ៏អង់អាចក្លាហានរបស់យើង បានកំពុងឈរជើងការពារ បូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន យ៉ាងស្វាហាប់ ក្នុងនាមយើងជាអ្នកនៅសមរភូមិក្រោយ នៅចាំជួយជាកម្លាំង រួបរួមសាមគ្គី ក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុង ការគាំទ្រ កងកម្លាំងប្រដាប់អាវុធ នៅសមរភូមិមុខ ដោយមិនឱ្យកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមមុខ នៅឯកោទេ ពោលគឺមានតែទទួលបាន ការគោរព ដឹងគុណនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ និងគិតគូរយកចិត្តទុកដាក់ ដល់ក្រុមគ្រួសារវីរៈកងទ័ពរបស់យើង អោយទទួលបានភាពកក់ក្តៅ ដើម្បីជាកម្លាំងចិត្ត ដល់កងទ័ពនៅសមរភូមិមុខ»។

លោក អភិបាលខេត្ត ក៏បានកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា បានយកអស់កម្លាំង កាយចិត្តលះបង់ការពារ អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា មិនឱ្យថៃឈ្លានពានបានឡើយ។

ជាមួយគ្នានេះផងដែរ លោក អភិបាលខេត្ត បានជំរុញ ឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានផ្ដល់ការ យកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលទើបត្រឡប់ មកពីប្រទេសថៃ ដោយត្រូវខិតខំជួយស្វែង រកការងារធ្វើ ជូនពួកគាត់តាមជំនាញ ដើម្បីបានប្រាក់ផ្គត់ផ្គង់ក្រុមគ្រួសារ ៕

To Top