ព័ត៌មានជាតិ

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ យល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមលើសន្ធិសញ្ញាតំបន់អាស៊ី-អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ

ភ្នំពេញ ៖ រដ្ឋសភា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា។

ការអនុម័តនេះ ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ កញ្ញានេះ ។

សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព រក្សាស្ថិរភាព និងសន្តិសុខសម្រាប់តំបន់ក៏ដូចជាពិភពលោកទាំងមូល។

ការអនុម័តសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ផលប្រយោជន៍សំខាន់ៗជូនកម្ពុជា ដូចជា ៖ ការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់ អាស៊ី-អាគ្នេយ៍ឲ្យកាន់តែពេញលេញ តាមរយៈការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកទី១១នៃអាស៊ាន និងការចូលរួមចំណែករបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោកទាំងមូល ដើម្បីរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងអាវុធ ប្រល័យលោកដទៃទៀត ។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មាន៣មាត្រា៕

To Top