ទណ្ឌិត ៧៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ ខេត្តបន្ទាយមានជ័យ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ដើម្បីរំដោះភាពចង្អៀតណែន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានទណ្ឌិតចំនួន ៧៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ដើម្បីរំដោះភាពចង្អៀតណែន។
យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា «ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាតពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ៧៣នាក់ ពីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារខេត្តព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីរំដោះភាពចង្អៀតណែន»។
សូមបញ្ជាក់ថា ការផ្ទេរទណ្ឌិតនេះ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព៕



