ព័ត៌មានជាតិ

អាមេរិក បង្ហាញចំណាប់អារម្មណ៍បន្តពង្រីកកិច្ចប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា ផ្ដោតលើបច្ចេកវិទ្យា AI

ភ្នំពេញ ៖ លោក Benjamin Chiang ភារៈធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួង លោក Benjamin Chiang បានលើកឡើងពីសកម្មភាពថ្មីៗ របស់ស្ថានទូតអាមេរិកពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេស ការរៀបចំពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលឃើញថា មានសិស្សនិស្សិតកម្ពុជាជាច្រើនចាប់អារម្មណ៍លើការសិក្សានៅសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ លោក បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយយកឱកាសនេះដែរ ដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធ កាលានុវត្តភាព ការប្រឈម និងទស្សនៈវិស័យក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់AI នៅក្នុងវិស័យអប់រំ។ 

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់ស្ថានទូតសហរដ្ឋអាមេរិកក្នុងកិច្ចសហប្រតិបត្តិការនានាក្នុងពេលខាងមុខ ព្រមទាំងបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានមើលឃើញ និងទទួលស្គាល់ទាំងសក្តានុពល និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា AI ក្នុងការកែទម្រង់វិស័យអប់រំ និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា AI អាចមានសមត្ថភាពយ៉ាងសំខាន់ក្នុងការបង្កើតកម្មវិធីសិក្សាផ្ទាល់ខ្លួន (Personalized Learning) សម្រាប់សិស្សម្នាក់ៗ ជួយគ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សទទួលបានធនធានចំណេះដឹងថ្មីៗទាន់សម័យពីជុំវិញពិភពលោក ប៉ុន្តែក្រសួងក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការធានាឱ្យមានការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ហានិភ័យនៃការបាត់បង់ជំនាញគិតពិចារណាស៊ីជម្រៅរបស់សិស្ស ឬសមត្ថភាពក្នុងការសរសេរជាដើម។ 

លើសពីនេះ ក្រសួង បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ដោយការបណ្តុះបណ្តាលគ្រូបង្រៀនជំនាន់ថ្មីឱ្យយល់ច្បាស់អំពី AI និងបង្កើតក្រុមការងារជំនាញដើម្បីផ្តល់ការគាំទ្រដល់គ្រូបង្រៀនជាដើម៕

To Top