ព័ត៌មានជាតិ

ក្រសួងកសិកម្ម អនុវត្តយុទ្ធនាការលែងកូនត្រី ៣ម៉ឺនក្បាល នៅខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់វារីសត្វធម្មជាតិ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោកទឹម បូរក្ស អនុរដ្ឋលេខាធិការ បានរៀបចំពិធីលែងកូនត្រីពូជចម្រុះចំនួន ៣០.០០០ក្បាល ចូលទៅក្នុងបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

យុទ្ធនាការនេះមិនត្រឹមតែមានគោលបំណងបង្កើនផលស្តុកធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃការគាំទ្រដល់ពិធីចាប់ត្រីបែបប្រពៃណីរបស់សហគមន៍ដែលទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

ក្នុងចំណោមកូនត្រីសរុប ៣០.០០០ក្បាល មានដូចជា៖
-ត្រីក្រាញ់ ចំនួន ១០.០០០ក្បាល
-ត្រីអណ្ដែងទន់ ចំនួន ៧.០០០ក្បាល
-ត្រីឆ្ពិន ត្រីកាហែ និង ត្រីច្រកែង ចំនួន ១៣.០០០ក្បាល

លោក ទឹម បូរក្ស បានសង្កត់ធ្ងន់ថា សារៈសំខាន់នៃការលែងកូនត្រីនេះគឺដើម្បី ការពារធនធានជលផល។

លោកបានជំរុញឱ្យគណៈកម្មការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់ ជាពិសេសការប្រើប្រាស់ឧបករណ៍ឆក់ និងឧបករណ៍ស្បៃមុង។ ដើម្បីសម្រួលដល់ការងារល្បាតប្រចាំថ្ងៃ ក្រសួងក៏បានប្រគល់ជូនវិទ្យុទាក់ទងចំនួនពីរគ្រឿងដល់សហគមន៍ផងដែរ៕

ដោយ៖ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top