លោកស្រី ឃួន វិច្ឆិកា ៖ ប្រកាសលទ្ធផលប្រឡង បាក់ឌុបក្នុងថ្ងៃតែមួយ ដើម្បីឲ្យបេក្ខជន ទទួលលទ្ធផល ក្នុងពេលជាមួយគ្នា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានថ្លែងថា សម្រាប់ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥នេះ គឺប្រកាសក្នុងតែមួយជាមួយគ្នាតែម្តង ក្នុងគោលបំណងឲ្យ បេក្ខជនទទួលលទ្ធផលព្រមៗគ្នា។

លោកស្រី ឃួន វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ថា ការប្រកាសលទ្ធផល ប្រឡងបាក់ឌុបនៅឆ្នាំ២០២៥ គឺខុសប្លែកពីរាល់ឆ្នាំ ដោយឆ្នាំ២០២៥នេះ បានកំណត់កាលបរិច្ឆេទ នៃការប្រកាសក្នុងថ្ងៃ តែមួយ នៅទូទាំងប្រទេសដោយ ពុំមានការបែកចែងការ ប្រកាសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលមុននោះទេ ពោលនឹងប្រកាសរួមគ្នាក្នុងថ្ងៃតែមួយ គឺនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
គោលបំណង នៃការផ្លាស់ប្តូរពេលវេលា នៃការប្រកាសនេះ លោកស្រីបញ្ជាក់ថា ដោយសារក្រសួងមានបំណងអនុវត្ត និងពិនិត្យឲ្យបានកាន់តែល្អិតល្អន់ លើដំណើរការកែវិញ្ញាសារ បូកស្រង់ និងគូសជាប់ធ្លាក់ ជាពិសេសដើម្បីឲ្យបេក្ខជន ទទួលបានលទ្ធផលក្នុងពេលជាមួយគ្នា ។

លោកស្រីបន្តថា “ការប្រកាសលទ្ធផលនេះ នឹងធ្វើឡើងសម្រាប់បេក្ខជននៅទូទាំងប្រទេស ដោយក្រសួងអប់រំ នឹងធ្វើការផ្សព្វផ្សាយទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួង ក៏ដូចជាការបិទផ្សាយ នៅតាមមណ្ឌលប្រឡងនានា នៅក្នុងទិសដៅឲ្យប្អូនៗ នៅទូទាំងប្រទេសទទួលបានលទ្ធផលក្នុងថ្ងៃជាមួយគ្នា”។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់។ សម្រាប់មណ្ឌលសំណេរមានចំនួនសរុប២៤១មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ។ ក្នុងនោះ ៖ ថ្នាក់វិទ្យាសាស្ត្រមានចំនួន៧២មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់ ៕

