ព័ត៌មានជាតិ

កម្ពុជា បន្តចូលរួមជាមួយ សហគមន៍អន្តរជាតិ សំដៅធានា ឱ្យបានប្រសិទ្ធភាព នៃការលុបបំបាត់ការ ប្រើសារធាតុបំផ្លាញ ស្រទាប់អូហ្សូន

ភ្នំពេញ ៖ កម្ពុជា ប្តេជ្ញាបន្តចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យ នូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាព នៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញស្រទាប់អូហ្សូន។

តាមរយៈសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា ចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាសមាជិកនៃពិធីសារ អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ ពាក់ព័ន្ធនឹងការគ្រប់គ្រងការបំពុលខ្យល់ និងកិច្ចការពារស្រទាប់អូហ្សូន សំដៅលើកកម្ពស់ គុណភាពបរិយាកាស និងការពារសុខុមាលភាពប្រជាជន។

លោក រដ្ឋមន្ដ្រី បន្ដថា កម្ពុជាបានរៀបចំផែនការគ្រប់គ្រងសារធាតុ HFCS ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគឺហ្គាលី នៃ ពិធីសារម៉ុងរ៉េអាល់ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការ កើនកម្ដៅភពផែនដីអាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ ប្រសិនបើវិសោធនកម្ម ទីក្រុងគឺហ្គាលីត្រូវបានផ្តល់សច្ចាប័នជាសកល និងអនុវត្តបានពេញលេញ។

លោក រដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់ អូហ្សូន និងសារធាតុដែលមានសក្តានុពលកម្ដៅសកលខ្ពស់»។

លោក រដ្ឋមន្ដ្រី បន្ថែមថា «ថ្វីត្បិតតែយើងបានចាត់វិធានការជាច្រើនរួចមកហើយ ក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការសន្សំសំចៃថាមពល ក៏នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីលើកកម្ពស់ការយល់ដឹងជា សាធារណៈអំពីដំណោះស្រាយទាំងនេះ និងជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យងាកទៅប្រើប្រាស់ ឧបករណ៍ ដែលប្រើប្រាស់សារធាតុមិនបំផ្លាញស្រទាប់អូហ្សូន មានប្រសិទ្ធភាពថាមពលខ្ពស់ និងមានសក្តានុពល កម្ដៅសកលទាប ឬ សូន្យ ពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងបន្តយុទ្ធនាការផ្សព្វផ្សាយការ យល់ដឹងជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបយល់អំពីតួនាទីរបស់ខ្លួនក្នុងការការពារបរិស្ថានផែនដី។ ទន្ទឹមនឹងនោះ យើងក៏ត្រូវរៀបចំបទប្បញ្ញត្តិផ្សេងៗដើម្បីសម្រេចបានការផ្លាស់ប្តូរនេះឱ្យបានកាន់តែល្អប្រសើរ រួមមានការរៀបចំឱ្យមាននូវកូដអគារ និងបច្ចេកវិទ្យាត្រជាក់ប្រកបដោយប្រសិទ្ធភាពថាមពលខ្ពស់ និងជំរុញ ការប្រើប្រាស់ថាមពលករកើតឡើងវិញឱ្យបានទូលំទូលាយ»៕

To Top